អន្តរជាតិ៖ លោក Sun Weidong ឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីញូវដែលី កាលពីថ្ងៃទី២៩ ខែកញ្ញាថ្មីៗនេះ នៅក្នុងកិច្ចប្រជុំអនឡាញនៅថ្ងៃទី២៩ ខែកញ្ញា ជាមួយតំណាងជាង១០០នាក់នៃសហគមន៍អាជីវកម្ម វប្បធម៌ និងអប់រំនៅឥណ្ឌា បានស្នើឱ្យភាគីឥណ្ឌារក្សាជំហរយុទ្ធសាស្ត្រស្វ័យភាពជាជាងចូលរួមជាមួយសម្ពន្ធភាពណាមួយប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ព្រោះមិនអាចជោគជ័យឡើយ។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានអំពាវនាវឱ្យឥណ្ឌាសហការជាមួយចិនឱ្យបានច្រើនជាងមុនលើបញ្ហាផ្សេងៗ និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
ឯកអគ្គរដ្ឋទូតចិន ក្នុងកិច្ចប្រជុំអនឡាញនោះ បានសង្កត់ធ្ងន់ថា៖ ការប៉ុនប៉ងណាមួយដើម្បីប្រមូលផ្តុំកម្លាំងក្នុងការទប់ស្កាត់ និងបង្ក្រាបចិន នឹងទទួលបរាជ័យជាក់ជាមិនខាន។ បេីទោះជាមិននិយាយចំឈ្មោះ ក៏លោក Sun Weidong ទំនងសំដៅលើការចូលរួមរបស់ឥណ្ឌាក្នុងជំនួបក្រុមដៃគូសន្ទនាសន្តិសុខចតុភាគី (Quad) ដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ។
ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានលើកឡើងថា ដោយសារភាពអាត្មានិយម ពួកគេប្រកាន់ខ្ជាប់គោលគំនិតសង្គ្រាមត្រជាក់ដែលគិតតែពីប្រយោជន៍ខ្លួន ព្យាយាមបង្កើតក្រុមដោយមិនបញ្ចូលភាគីផ្សេង និងបង្កើតសម្ពន្ធយោធាដើម្បីគាបសង្កត់ប្រទេសដទៃ។ ក្នុងសេចក្ដីប្រកាសរបស់ស្ថានទូតចិន អ្នកការទូតរូបនេះ ក៏រិះគន់ទៀតថា ប្រទេសទាំងនោះក៏បង្កើនភាពតានតឹង បង្កឱ្យមានការរត់ប្រណាំងសព្វាវុធ ការបែងចែកបក្សពួក ហើយធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្លាយជាសង្វៀនរបស់មហាអំណាច និងបង្កអស្ថិរភាពពិភពលោក។
មិនតែប៉ុណ្ណោះ លោក Sun Weidong ក៏ស្នើឱ្យឥណ្ឌារក្សាជំហរយុទ្ធសាស្ត្រស្វ័យភាព ឬឯករាជ្យ ហើយចៀសពីការចូលរួមជាមួយសម្ពន្ធភាពផ្សេងៗប្រឆាំងគ្នាទៅវិញទៅមក ។ លោក Sun អះអាងថា ទោះបីជាទំនាក់ទំនងឥណ្ឌា-ចិនមានបញ្ហាល្អក់កករមួយចំនួនដូចជាជម្លោះព្រំដែនក៏ដោយ ក៏ភាគីទាំងពីរគួរតែដោះស្រាយជម្លោះទាំងនោះដោយយុត្តិធម៌ សមហេតុផល និងស្មើភាពដើម្បីស្ដារទំនាក់ទំនង និងឆ្ពោះទៅរកស្ថិរភាពជាមួយគ្នា។
ដោយឡែកចំពោះឥណ្ឌាកន្លងមកបានហាមឃាត់កម្មវិធីទូរស័ព្ទចិនជាង២០០ ដោយសារមូលហេតុសន្តិសុខ ហើយក៏បានដាក់កំហិតការវិនិយោគរបស់ចិនក្នុងក្រុមហ៊ុននិងវិស័យដែលរសើបនោះ។ អ្នកការទូតចិនរូបនេះ ក៏បានស្នើទៅកាន់ភាគីឥណ្ឌាឱ្យផ្ដល់ភាពស្មើភាពគ្នានៃការវិនិយោគរបស់ក្រុមហ៊ុនប្រទេសទាំងពីរជាជាងការរឹតត្បិតការរកស៊ីរបស់ក្រុមហ៊ុនទាំងនោះ៕ដោយ៖ស តារា
រូបភាព៖ឯកសារ លោក Sun Weidong អគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីញូវដែលី