អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ការចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៧៥៤ករណីបន្ថែមទៀត, ខណៈដែលអ្នកជំងឺចំនួន ១២៣នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា។
បើតាមក្រសួងសុខាភិបាលថៃបាននិយាយបន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១,២៥៣ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៥០១ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ១២,៤៧៣នាក់ផ្សេងទៀតក្រោយព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា ប្រទេសថៃ គិតត្រឹមពេលនេះបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុប៥១លានដូស ក្នុងនោះប្រជាជនជិត១៩លាននាក់ (ជាង ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ ចំណែកករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃ មានចំនួន ១,៦១៥,២២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៨៥០នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៨៣,១៤៦នាក់៕ដោយ៖ស តារា