អន្តរជាតិ៖ បេីយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រុមមន្រ្តីរ៉ូម៉ានី រាយការណ៍ឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យមួយ ដែលស្ថិតក្នុងទីក្រុងខុនស្តាន់តា (Constanta) ភាគខាងកើតប្រទេស ដែលព្យាបាលអ្នកជំងឺ COVID-19 បណ្ដាលឱ្យមនុស្សចំនួន ០៩នាក់បានស្លាប់។
ជុំវិញករណីនេះដែរ បេីតាមលោក សេកេ អាត់ទីឡា (Cseke Attila) រដ្ឋមន្រ្តីសុខាភិបាលស្តីទីនៃប្រទេសរ៉ូម៉ានី បាននិយាយថា អ្នកជំងឺ COVID-19 ចំនួន១១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ពេលដែលអគ្គិភ័យបានឆាបឆេះឡើង ក្នុងនោះមាន ១០នាក់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ មនុស្ស០៩នាក់បានស្លាប់ ខណៈ៥០នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថភាព និងបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត។
គួរបញ្ជាក់ថា អ្នកជំងឺ COVID-19 ជាង ១២,១០០នាក់ ក្នុងនោះមានកុមារ៣១៥នាក់ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៃប្រទេសរ៉ូម៉ានី គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ចំណែកអ្នកជំងឺ ១,៣៦៤នាក់ ស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់៕ដោយ៖ស តារា