អន្តរជាតិ៖ លោកស្រី Wang Mei-hua រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់បានអះអាងប្រាប់ទីភ្នាក់ងារ Reuters នៅថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះថា៖ ប្រព័ន្ធគ្រប់គ្រងប្រទេសរបស់ចិនមិនត្រូវជាមួយបទបញ្ញត្តិតឹងរ៉ឹង និងស្ដង់ដារខ្ពស់របស់កិច្ចព្រមព្រៀង CPTPP ឡើយ ហើយប្រសិនបើចិនចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មុនតៃវ៉ាន់នោះ ចិននឹងរារាំងតៃវ៉ាន់ជាក់ជាមិនខាន។
ជាក់ស្ដែងរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់លោកស្រី Wang Mei-hua ក្នុងកិច្ចសម្ភាសន៍ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ជាមួយទីភ្នាក់ងារព័ត៌មាន Reuters បានលើកឡើងថា៖ «ប្រសិនបើចិនចូលជាសមាជិកមុន នោះ ច្បាស់ណាស់ដែលពួកគេនឹងរារាំងតៃវ៉ាន់»។ ខណៈដែលតៃវ៉ាន់ ក៏ហាក់បារម្ភចេតនារបស់ចិនដែរក្នុងករណីចិនក្លាយជាសមាជិកមុនខ្លួននោះ។
សូមជម្រាបថា ក្នុងខែកញ្ញាកន្លងទៅនេះ ទាំងកោះតៃវ៉ាន់ និងចិនបានដាក់ពាក្យស្នើចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ។ ប៉ុន្តែចិនចេញមុខជំទាស់បេក្ខភាពរបស់តៃវ៉ាន់ ក្រោមហេតុផលថា តៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
លោកស្រីរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់រូបនេះ ក៏ចោទជាសំណួរទាក់ទងលក្ខណៈសម្បតិ្តរបស់ទីក្រុងប៉េកាំងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនៅអាស៊ីប៉ាស៊ីហ្វិក ដោយបានលើកយកបញ្ហារបស់ចិនដូចជាការត្រួតពិនិត្យលើប្រព័ន្ធអ៊ីនធឺណិតដ៏តឹងរ៉ឹងដោយរដ្ឋាភិបាល និងបញ្ហាសិទ្ធិការងារជាដើម។ រដ្ឋមន្ត្រីរូបនេះក៏សង្កត់ធ្ងន់ថា តម្រូវការរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP មិនស៊ីគ្នាជាមួយប្រព័ន្ធគ្រប់គ្រងជាមូលដ្ឋានរបស់ចិនឡើយ។
មន្រ្តីតៃវ៉ាន់រូបនេះ ក៏បានលើកសំណួរថា៖«ប្រសិនបើចិនកែប្រែប្រព័ន្ធទាំងនោះ បន្ទាប់មកចូលជាសមាជិក នោះវាមិនមែនជារឿង អាក្រក់នោះទេ។ ប៉ុន្តែប្រសិនបើប្រព័ន្ធនោះមិនផ្លាស់ប្ដូរ តើពួកគេចូលជាសមាជិក CPTPP បានយ៉ាងដូចម្ដេច? នេះជាបញ្ហាមួយដែលខ្ញុំពិតជាមិនយល់នោះទេ»។ ចំពោះការលើកឡើងបែបនេះ ចង់សំដៅលើប្រព័ន្ធគ្រប់គ្រងទូទៅ និងសេដ្ឋកិច្ចរបស់ចិនដែល អនុវត្តតាមប្រព័ន្ធសង្គមនិយម សេរីភាពមិនពេញលេញ រីឯប្រព័ន្ធទីផ្សារមានការជ្រៀតជ្រែកពីរដ្ឋាភិបាល។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP បានកំណត់ទីផ្សារសេរី។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក នៅក្នុងឆ្នាំ២០១៨ ត្រូវបានធ្វើវិសោធនកម្ម ទៅជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បន្ទាប់ពីការដើរចេញរបស់អាម៉េរិក។ ជាក់ស្ដែងក្នុងកិច្ចព្រមព្រៀងនេះ ប្រទេសជាសមាជិកមានចំនួន ១១ ប្រទេសដូចជាអូស្ត្រាលី, ព្រុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម៕ដោយ៖ស តារា
រូបភាព៖ IMAGO