នាយឧត្តមសេនីយ៍វង្ស ពិសេន ប្រគេនទេយ្យវត្ថុនិងបច្ច័យសម្រាប់ពិធីបុណ្យកាន់បិណ្ឌចំពោះព្រះសង្ឃគង់នៅវត្តចំនួន ៦ ក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពារាំង និងសហការី នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនចំពោះព្រះសង្ឃដែលគង់នៅវត្តចំនួន៦ ស្ថិតនៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង សម្រាប់ពិធីបុណ្យកាន់បិណ្ឌ។

ទេយ្យវត្ថុ និងបច្ច័យដែលត្រូវបាននាំយកទៅប្រគេនចំពោះព្រះសង្ឃចំនួន៦វត្តនាឱកាសនោះ ក្នុងមួយវត្តៗលោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានប្រគេននូវសាដក១កញ្ចប់, ទឹកសុីអុីវ ៥យួរ, ទឹកត្រី៥យួរ, មីជាតិ១០កេសតូច, ត្រីខកំប៉ុង៥កេស, ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ១០កេស, អង្ករ២០០គីឡូក្រាម, បច្ច័យជូនលោកអាចារ្យ និងគណៈកម្មការវត្ត១២នាក់ ក្នុង០១នាក់១០០.០០០រៀល, បច្ច័យជូនលោកអាចារ្យវត្តចុងក្រូច៥នាក់ ក្នុង០១នាក់ ៥០.០០០រៀល, ចតុបច្ច័យប្រគេនព្រះសង្ឃ៦អង្គ ក្នុង១អង្គ ៥០០.០០០រៀល, បច្ច័យកសាងវត្ត ក្នុង១វត្ត៤.០០០.០០០រៀល សរុបថវិកា ៤០.៣២៧.០០០រៀល។ ជាមួយសទ្ធាជ្រះថ្លាក្នុងការប្រគេនទេយ្យទានទាំងឡាយនេះ នាយឧត្តមសេនីយ៍វង្ស ពិសេន និងសហការី បានឧទ្ទិស​កុសលផល​បុណ្យ ជូនដល់​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញា​តកាទាំ ៧​សណ្ដានដែលបានចែកឋានទៅលោកខាងមុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី សូម​បាន​សោយសុខក្នុងឋាន​សុគតិភព។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍វង្ស ពិសេនបានគូសបញ្ជាក់ថា ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កើតចេញពីកត្តាសំខាន់៣៖
– ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
– មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានការចូលរួមគោរព អនុវត្តវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល។
– មានការជួយគាំទ្រពីបណ្តាប្រទេសជាមិត្តក្នុងការផ្ដល់វ៉ាក់សាំងកូវីដ-១៩។

ជាមួយនោះដែរ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ, ទេសចរណ៍ និងសេដ្ឋកិច្ចជាតិយើង៕

...

ដោយ៖  ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print