អន្តរជាតិ៖ បើតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលដកស្រង់និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១នេះបានឱ្យដឹងថា៖ នៅទីបំផុត! ខ្សែទូរស័ព្ទសម្រាប់ធ្វើទំនាក់ទំនង ឆ្លងកាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ត្រូវបានស្តារឡើងវិញហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបង្ហាញភាពស្ងប់ស្ងាត់មិនឆ្លើយតបអ្វីសោះតាំងតែពីខែសីហាមក។ ទីភ្នាក់ងារព័ត៌មាន AFP បានបញ្ជាក់បន្ថែមថា ចំពោះការស្តារខ្សែទូរស័ព្ទឡើងវិញនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលថ្មីដែលបង្កឲ្យអន្តរជាតិព្រួយបារម្ភចំពោះភាពតានតឹងខ្លាំងឡើងៗ នៅក្នុងតំបន់ឧបទ្វីបកូរ៉េទាំងមូល។ កិច្ចប្រជុំបន្ទាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) អាចនឹងត្រូវរៀបចំឡើងឆាប់ៗនេះ ដើម្បីឆ្លើយតបស្ថានការណ៍ជារួម។ បេីតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងទៀតថា ភាគីទាំងពីរបានធ្វើទំនាក់ទំនងគ្នាតាមរយៈការហៅទូរស័ព្ទទៅវិញទៅមក នៅព្រឹកថ្ងៃចន្ទនេះតែម្តង។ មិនតែប៉ុណ្ណោះកូរ៉េខាងត្បូង ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ទំនាក់ទំនងជាមួយកូរ៉េខាងជើង នឹងអាចស្តារឡើងវិញជាបណ្តើរៗ។ ដោយឡែកបេីតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានចុះផ្សាយផងដែរអំពីចេតនារបស់ប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ក្នុងការបើកដំណើរការខ្សែទូរស័ព្ទធ្វើទំនាក់ទំនងឆ្លងកាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរឡើងវិញ នៅព្រឹកថ្ងៃចន្ទនេះ។ គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរំលេចទៀតថា ការបោះជំហានរបស់លោក គីម ជុងអ៊ុន បែបនេះគឺដើម្បីបង្កើត «សន្តិភាពយូរអង្វែង» នៅលើឧបទ្វីបកូរ៉េ៕ ដោយ៖ស តារា
ប្រភពរូបថត៖ AP.
រូបថត៖ AFP.