អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ បានដកស្រង់ការចេញផ្សាយពីអ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid ដែលបាននិយាយថា ជនស៊ីវិលជាច្រើននាក់បានស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកមួយដែលបានកើតឡើងនៅច្រកចូលវិហារអ៊ិស្លាមមួយនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យម្សិលមិញនេះ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា៖ ការផ្ទុះនេះបានកើតឡើងនៅជិតច្រកចូលវិហារ Eid Gah ក្នុងទីក្រុងកាប៊ុល។ ភ្លាមៗនោះ មិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ គួរបញ្ជាក់ថា ទោះបីជាក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានតាំងពីពាក់កណ្តាលខែសីហាមកក៏ដោយ ក៏ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមប្រឆាំងនឹងពួកគេមានការកើនឡើងដែរ។ ដោយឡែកចំពោះការកើនឡើងនេះ បានបង្កើនលទ្ធភាពនៃជម្លោះកាន់តែទូលំទូលាយរវាងក្រុមទាំងពីរ៕ដោយ៖ស តារា
រូបភាព៖ នៅលើបណ្តាញសង្គម Twitter របស់អ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid.