អន្តរជាតិ៖ បេីយោងតាមប្រភពព័ត៍មានពីទីភ្នាក់ងារសារព័ត៌មាន BBC បានចុះផ្សាយថា៖ ខណៈដែលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានបុកនឹងវត្ថុអាថ៌កំបាំងម្យ៉ាង ពេលកំពុងធ្វើដំណើរនៅដែនទឹកជុំវិញសមុទ្រចិនខាងត្បូង បណ្ដាលឱ្យនាវិកអាមេរិកជាច្រើននាក់រងរបួសផងដែរ។
បេីតាមការបញ្ជាក់ពីមន្ត្រីអាមេរិក បាននិយាយថា នាវិកចំនួន១៥នាក់បានរងរបួសស្រាល នៅពេលនាវាមុជទឹក USS Connecticut បានបុកនឹងវត្ថុនោះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប៉ុន្តែមិនបានដឹងមូលហេតុដែលបណ្តាលឱ្យមានការបុកនោះឡើយ។ ចំពោះហេតុការណ៍នេះ បន្ទាប់ពីមានភាពតានតឹងនៅក្នុងតំបន់មួយនេះ ក្រោយរយៈពេល៤ថ្ងៃជាប់គ្នា ចិនបានបញ្ជូនយន្តហោះចំបាំងជាច្រើនគ្រឿងចូលក្នុងដែនអាកាសរបស់តៃវ៉ាន់។
អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក បានថ្លែងថា ទីតាំង និងរោងចក្រនុយក្លេអ៊ែររបស់នាវាមុជទឹក USS Connecticut មិនរងការប៉ះពាល់ឡើយ និងនៅតែដំណើរការពេញលេញដដែល ហើយបច្ចុប្បន្ននេះ នាវាកំពុងធ្វើដំណើរទៅកាន់កោះ Guam អាមេរិក។
គួរបញ្ជាក់ថា នាវាមុជទឹកអាមេរិក ដែលរងការប៉ះទង្គិចកំពុងធ្វើប្រតិបត្តិការក្នុងដែនទឹកជុំវិញសមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះ ដែលចិនចង់បានស្ទើរតែទាំងអស់ ប៉ុន្តែអាមេរិក និងប្រទេសដទៃទៀតនៅជុំវិញនោះមិនយល់ព្រម។ ជាក់ស្ដែងប្រទេសមានជម្លោះមានដូចជា៖ ហ្វីលីពីន, ប្រ៊ុយណេ ,ម៉ាឡេស៊ី ,តៃវ៉ាន់ និងវៀតណាម សុទ្ធតែជំទាស់នឹងការទាមទារកាន់កាប់ស្ទើរតែទាំងអស់របស់ចិន៕ដោយ៖ស តារា