សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងសន្តិសុខអេហ្ស៊ីប បានចាប់ខ្លួនមនុស្ស៣នាក់ដែលបានយកវ៉ាក់សាំងមិនទាន់ផុតកំណត់ប្រើប្រាស់ទៅបោះចោលតាមបណ្តោយព្រែកជីកនៃប្រទេសអេហ្ស៊ីប។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនត្រូវបានយកទៅបោះចោលនៅតាមបណ្តោយព្រែកជីកក្នុងខេត្ត Bani Bazar ស្ថិតនៅភាគខាងជើងទីក្រុង Minya ។ តាមការស្រាវជ្រាវជាបឋមបានឱ្យដឹងថា មានឱសថការីនិងមន្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងហេតុការណ៍នេះត្រូវបានឃាត់ខ្លួន។ ប៉ូលិសក៏បានចាប់ខ្លួនអ្នកបើកបររថយន្តរបស់ក្រសួងសុខាភិបាលដែលជាអ្នកទទួលក្នុងការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទីក្រុង Minya។ អ្នកទាំង៣នាក់ត្រូវបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ន ដោយសារតែសម្តីសារភាពផ្ទុយគ្នា។ គិតត្រឹមថ្ងៃទី១០ខែតុលា អេហ្ស៊ីបមានករណីឆ្លងកូវីដ-១៩ សរុប ២៩២.៤៧៦នាក់ និងស្លាប់១៦.៨៦០នាក់។ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងវិញ មានពលរដ្ឋអេហ្សុីបតែ១១%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងនោះមាន៦%ចាក់គ្រប់ចំនួនពីរដូស ។ អេហ្ស៊ីបបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច ៤០លាននាក់ក្នុងចំណោមពលរដ្ឋ ១០០លាននាក់គិតត្រឹមបំណាច់ឆ្នាំ២០២១នេះ៕ដោយ៖ធីរីណា
រូបថត៖ Reuters.