សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោក សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក ងួន រតនៈ ដែលត្រូវត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្ដើម លោក ងួន រតនៈ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី គណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបង ក្នុងនោះលោក​ងួន​ រតនៈ​ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជន ជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអភិបាលខេត្តបាត់ដំបងនាពេលកន្លងមកនេះ។ ជាមួយគ្នានេះដែរ លោក សុខ លូ ក៏បានថ្លែងប្ដេជ្ញាចិត្តជូនសម្ដេច គណៈអធិបតី ព្រមទាំងអង្គពីធី សម្រាប់ការចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនាឱកាសនេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានលើកឡើងពីការសម្របខ្លួនទៅនឹងបរិបទកូវីដ-១៩ តាមរយៈការប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ដោយប្ដូរពីការប្រារព្ធនៅក្នុងសាលសាលាខេត្តមកធ្វើនៅបរិវេណខាងក្រៅ ខណៈសមាសភាពចូលរួមក៏មានការប្រែប្រួលតិចជាងមុនដែរ។

សម្ដេចក្នុងនាមរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណលោក ងួន រតនៈ ក្នុងឋានៈជាអភិបាលខេត្តបាត់ដំបងកន្លងមក ក្រុមប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពនានាចំណុះរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ព្រមទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងមូលដែលបានខិតខំបំពេញភារកិច្ចថែរក្សាការពារបូរណភាពទឹកដី ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសនៅក្នុងដំណាក់កាលចុងក្រោយដែលមានការរីករាលដាលជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងការផ្ទេរតំណែងនៅថ្ងៃនេះ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថានេះគឺជាការប្រព្រឹត្តទៅធម្មតាក្នុងជីវភាពនយោបាយ និងរដ្ឋបាល ហើយកន្លងមកខេត្តបាត់ដំបងបានផ្លាស់ប្ដូរអភិបាលខេត្តចំនួន១១រួចមកហើយ។ សម្ដេចបានស្នើឱ្យក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំតាមមន្ទីរជំនាញ អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ផ្ដល់ការគាំទ្រជូនលោក សុខ លូ ដើម្បីជំរុញនូវការចាត់ចែងការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងតួនាទីជាអភិបាលថ្មីនៃគណៈអភិបាលខេត្តបាត់ដំបង។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម​ បានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ជាពិសេសព្រឹត្តិការណ៍ដែលមិនអាចរំលងបាន គឺការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ច បំរើជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដោយឡែកព្រឹត្តិការណ៍ជាតិធំមួយទៀត គឺកម្ពុជានឹងទទួលធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ាន ខណៈនៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី។

ភ្ជាប់នឹងការបញ្ជាក់ខាងលើនេះ សម្ដេចក្រឡាហោម​ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។ សម្ដេចបានបន្តថាគោលនយោបាយនេះ ត្រូវការការផ្សព្វផ្សាយ អនុវត្ត និងជំរុញការគាំទ្រពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេចក៏បានបន្តគូសបញ្ជាក់អំពីការរៀនរស់ជាមួយកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃសេដ្ឋកិច្ច សង្គម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តទាំងអស់បន្តភារកិច្ចការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីធានាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យពលរដ្ឋមានទីផ្សារលក់ផលិតផលឱ្យបានកាន់តែច្រើន ជំរុញការចរាចរណ៍ផ្លាស់ប្ដូរទំនិញទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានបន្តគូសបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ការងារកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញការយកចិត្តទុកដាក់លើទឹកចិត្តដល់តួអង្គ៤នៅមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់ ស្មើនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងមេភូមិ។

ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយ ក្នុងនោះសម្ដេចផ្ទាល់ក៏បានបង្កើតយន្តការប្រមូលបញ្ហាយកមកដោះស្រាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ ដោយសម្ដេចបានបន្តថាការបង្កើតយន្តការនេះក៏ជាផ្នែកមួយនៃការផ្ដល់ជម្រើសជូនពលរដ្ឋដែលមានបញ្ហាលំបាកក្នុងការដោះស្រាយបញ្ហា។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីក៏បានផ្ដល់ការជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ខិតខំរួមកម្លាំងសាមគ្គីគ្នាក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋជួយការលំបាកដោយសារជំងឺកូវីដ-១៩ និងដោយសារគ្រោះហន្តរាយធម្មជាតិ។ សម្ដេចក៏បានផ្ដល់ការលើកទឹកចិត្តដល់ក្រុមការងារក្រឡាហោមមនុស្សធម៌ដឹកនាំដោយលោក ខាន់ មាណេរ និងលោក ចន្ទ សុផល ដែលបានបានក្លាយជាចលករមួយរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះសម្ដេចបានអំពាវនាវឱ្យថ្នាក់ដឹកនាំ ក្រុមការងារ និងវិស័យឯកជន រួមគ្នាផ្ដល់ការគាំទ្រដល់កិច្ចការជួយសង្រោះប្រជាពលរដ្ឋ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print