លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ កម្ពុជានឹងលើកយកប្រធានបទ ស្តីពី ស្ត្រី និងភាពជាអ្នកដឹកនំា ដាក់នៅក្នុងកិច្ចប្រជុំធំៗASEM និងអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ថា៖ ចុងឆ្នាំ២០២១ និងឆ្នំា២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងជាប្រធានអាស៊ាន ។

លោកស្រី​បន្តថា ៖ បើយោងតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញរួចហើយនូវប្រធានបទ ដែលនិយាយអំពីស្ត្រី និងភាពជាអ្នកដឹកនំា នៅក្នុងអាស៊ាន ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពេលដែលលោកស្រីកិត្តិសង្គបណ្ឌិត ម៉ែន សំអនបានអនុញ្ញាតឲ្យឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃច័ន្ទ ទី១១ ខែតុលា នៅទីស្តីការក្រសួង ។

លោក Zurbrugg បានគាំទ្រនិងប្រធានបទនេះ ព្រោះក្រៅពីបេសកកម្មសំខាន់ៗមួយចំនួននៅកម្ពុជា ឯកឧត្តមក៏មានសកម្មភាពធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រី ជាមួយក្រសួងកិច្ចការនារី តាមរយៈអង្គការអូស្ត្រាលី-កម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌ និងនិរន្តរភាព ( ACCESS ) ។ ក្នុងនោះក៏មានការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី ដល់ក្រសួងកិច្ចការនារី លើការសម្របសម្រួលព្រិត្តិការណ៍ប្រជុំអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព សន្តិសុខ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២១ និងកិច្ចប្រជុំថ្នាក់ដឹកនាំស្ត្រី អាស៊ាន ២០២២ ។

លោក Zurbrugg បានជំរាបជូនពីគុណតំលៃរបស់ស្ត្រីកម្ពុជា ដែលបាននឹងកំពុងនាំមុខផងដែរ សម្រាប់ការចែករំលែកបទពិសោធន៍ដល់ស្ត្រីជាប្រទេសសមាជិក អាស៊ី-អឺរ៉ុប និងអាស៊ាន ព្រោះស្ត្រីកម្ពុជាមានវីរៈនារីដោះមីន ហើយបច្ចប្បន្នក៏មានចំនួនច្រើនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្រមួកខៀវ ។ សរុបសេចក្តីទៅ វេទិកាធំៗទាំងអស់នេះ ស្ត្រីកម្ពុជាមិនត្រឹមតែជាប្រទេស ចាំទទួលបានបទពិសោធន៍ទេ តែថែមទាំងជាអ្នកចែករំលែកបទពិសោធន៍ ទៅកាន់ប្រទេសនានាលើសកលលោកទៀតផង ។

លោក Zurbrugg ក៏បានជូនពីការភ្ជាប់នឹងព្រិត្តិការបច្ចុប្បន្នមួយទៀតនាសប្តាហ៍ក្រោយ ទាក់ទងនឹងស្ត្រីក្នុងជួរក្រសួងការពារជាតិកម្ពុជា ជាមួយក្រសួងការពារជាតិអូស្ត្រាលី តាមរយៈការមកដល់នូវកប៉ាល់ដ៏ធំមួយរបស់អូស្ត្រាលី នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលជាដំណើរការចែករំលែកបទពិសោធន៍មួយ មិនតែនៅកម្ពុជាទេ គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួបជាមួយនឹងដៃគូរការងារសំខាន់ៗ ក្នុងរបៀបវារៈនៃកិច្ចប្រជុំមួយ និយាយពីស្ត្រី និងសន្តិភាព ដែលគ្រោងនិងរៀបចំទ្បើងជាមួយនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោកស្រី ម៉ែន សំអន បញ្ជាក់ថា ៖ ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងទាក់ទងទៅនិងសហប្រតិបត្តិការនេះ ហើយខ្ញុំយល់ឃើញថា តួនាទីរបស់លោក ជាអនុប្រធានបេសកកម្ម ប្រចាំស្ថានទូតអូស្ត្រាលី មានកិច្ចការជាច្រើន ដែលត្រូវជួយសម្របសម្រួល ដូចជាវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស បង្កើនអាហារូបករណ៍ជាដើម ។ ខ្ញុំសូមអរគុណណាស់ ដែលបានរួ​មចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រឹងការអភិវឌ្ឍន៍ខាងធនធានមនុស្ស របស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយខាងផ្លូវច្បាប់ផង និងខាងស្ត្រីផង ក៏ដូចជាខាងវិស័យផ្សេងៗ ជាច្រើនថែមទៀត ។

លោកស្រី​ ម៉ែន សំអន បន្តថា៖ ដូចអ្វីដែលឯកឧត្តមលើកទ្បើងទាក់ទងពីបញ្ហា យ៉េនឌ័រ និងការបណ្តុះបណ្តាលស្ត្រី ចំនុចនេះ ក្រសួងកិច្ចការនារី បានសហប្រតិបត្តិការ មានទម្រង់ជាច្រើន ជាមួយស្ថានទូតអូស្ត្រាលីផ្ទាល់ ។ រីឯរាជរដ្ឋាភិបាលយើងខ្ញុំ បានយកចិត្តទុកដាក់គិតគូរធំណាស់ ទាក់ទងទៅនិងការផ្តល់ តួនាទីស្ត្រី ផ្តល់អំណាច​ដល់ស្ត្រី ពិសេសការលើកកម្ពស់ សមភាពយ៉េនឌ័រ ។ យើងមានក្រសួងកិច្ចការនារី ជាសេនាធិការ ហើយក៏មានក្រសួងនីមួយៗ បានបង្កើតក្រុមការងារ ទទួលបន្ទុកសមភាពយ៉េនឌ័រនេះដែរ ពិសេសក្នុងស្ថានការណ៍ ដែលយើងកំពុងតែប្រឈម ទៅនិងប្រយុទ្ធទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅលើពិភពលោក និងប្រទេសជិតខាង ក៏មានបញ្ហាច្រើន ដែលទាក់ទង និងការខ្វះខាងស្បៀង និងបញ្ហាផ្លូវចិត្ត ។ល។ ដែលទាក់ទងទៅនិងបញ្ហាបិតខ្ទប់ មិនឲ្យគាត់ចេញទៅក្រៅ ដើម្បីការពារមិនជំងឺរាលដាល ។ ដើម្បីជំនះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ បានដាក់ចេញការផ្តល់នូវវ៉ាក់សំាង ២ដូស ហើយនិងដូសជំរុញ ក្រៅពីនោះ គិតទៅដល់កុមារ ដែលមានអាយុ ៦ឆ្នំា ដល់១២ឆ្នំា ។ ក្នុងនោះដែរ ដើម្បីកុំឲ្យគាត់មានបញ្ហា ការលំបាកក្នុងជីវភាពរស់នៅ ក៏បានផ្តល់ស្បៀង សម្រាប់ពួកគាត់ ។ លទ្ធផលដែលរំពឹង ពីការចាក់វ៉ាក់សំាង បាន ៩៩% ទៅលើគោលដៅប្រជាពលរដ្ឋ ១០លាន នាក់ យើងក៏ផ្តល់អាទិភាព ជូនដល់ស្ត្រីដែលជួបការលំបាក ព្រោះពួកគាត់ជួបនៅការប្រឈម កូន ចៅ របស់គាត់ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print