ភ្នំពេញ, នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលដែលកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវន្តទូទាំងប្រទេស ។
ជាកិច្ចឆ្លើយតប លោក Tan Khee Meng, ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនBaker Tilly (Cambodia) Co., Ltd.
បានបញ្ជាក់ថា អ្នកនិយោគទុនម៉ាឡេស៊ី នឹងគោរពច្បាប់វិនិយោគនៅកម្ពុជា ជាពិសេសនឹងប្រកាន់ខ្ជាប់នូវគោលការណ៍បរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបតិការកាន់តែល្អប្រសើររវាងប្រទេសទាំង២។ ជាមួយគ្នានេះដែរ វិនិយោគិនម៉ាឡេស៊ី កំពុងមានការចាប់អាម្មរណ៍ខ្លាំង ការពង្រីកផែនការវិនិយោគនានា ទៅដល់ក្រុងកំពង់សោម ខេត្តព្រះសីហនុជាទីក្រុងថ្មី មានសក្តានុពលខ្ពស់ ការអភិវឌ្ឍន៍លឿន និងជាទីក្រុងពហុបំណង។
គួរបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី លោក Terrance Teoh Yih Min, នាយកប្រតិបត្តិនៃធនាគារ Hong Leong Cambodia ,លោក Mohan Tirugmanasam Bandam, នាយកប្រតិបត្តិនៃកាសែត Khmer Times,លោក សេង ម៉េងតុង ប្រធាននាយកដ្ឋានផ្នែកច្បាប់នៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ផងដែរ៕