ខេត្តត្បូងឃ្មុំ ៖ លោក វង្ស សុភី អធិការនគរបាលស្រុកអូររាំងឪទេីបនឹងឡើងថ្មី បានបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទឆក់ត្រីខុសច្បាប់ នៅចំណុចវាលស្រែនៃតំបន់ពោធិ៍កំបោរខាងកើតភូមិគោកទី ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចក និងកម្លាំងប្រជាការពារ ។
លោក វង្ស សុភី បានឱ្យដឹងថា នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១ រូបលោកបានដឹកនាំកម្លាំងចុះបង្ក្រាបការនេសាទខុសច្បាប់ តែពេលកម្លាំងចុះបង្ក្រាបនោះក្រុមជនទុច្ចរិតដែលប្រព្រឹត្តបទល្មើសខាងលើបាននាំគ្នារត់គេចខ្លួនបាត់អស់ គឺចាប់យកបានតែឧបករណ៍មួយចំនួនដូចជា ៖ ដុំឆក់ចំនួន៣, អាគុយ៤០អំពែរចំនួន៣គ្រឿងនិងដងឆក់ត្រីចំនួន៣គូ ។
ពាក់ព័ន្ធនិឹងបទល្មើសនេសាទដែលកំពុងកើតមាននៅក្នុងស្រុកអូររាំងឪនេះ លោកអភិបាលស្រុកបានអះអាងថា កម្លាំងសមត្ថកិច្ចរបស់លោកតែងតែចុះល្បាត និងបង្រ្កាបជាប្រចាំតាមបទបញ្ជារបស់ថ្នាក់លើ បេីទោះបីជាលោកទេីបនឹងមកកាន់តំណែងថ្មីក៏ដោយ ៕
ដោយ៖ វណ្ណៈ