ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាក Morning ជ្រុលទៅបុករថយន្តកាមរីហាយប៊្រីដពីក្រោយបណ្តាលរថយន្តហាយប៊្រីដរេចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវរលំអស់៤កង់ និងវៀច១កង់ រីឯរថយន្តខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យនារីម្នាក់ដែលបើករថយន្តហាយប៊្រីដរងរបួសបែកក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២៧១ កែងផ្លូវលេខ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តកាមរីហាយប៊្រីដ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2Z-1525ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ បើកបររថយន្តម៉ាក Morning ពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-1607ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តហាយប៊្រីដពីក្រោយចំហៀងខាងស្ដាំបណ្ដាលឲ្យរថយន្តហាយប៊្រីដរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលរលំអស់៤កង់និងមួយកង់ទៀតខ្ទាតចេញពីជួរ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្ដាលឲ្យនារីម្នាក់បើក រថយន្តហាយប្រ៊ីដរងរបួសបែកក្បាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ