ភ្នំពេញ : លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុន សែនបុរី១០០ខ្នង ផ្លូវបេតុង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បានលក់ម៉ូតូគ្មានបណ្ណសម្គាល់ត្រឹមត្រូវឲ្យទៅជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលមានបញ្ហានោះម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FZ-3654 មានបណ្ណសម្គាល់និងស្លាកលេខក្លែងក្លាយ ហើយនិងម៉ូតូ១១គ្រឿងដកហូតពីជនសង្ស័យយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាមួយនឹងស្លាកលេខ១៤សន្លឹកទៀត។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ ៖ ស សម