ភ្នំពេញ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្តីព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា, តបតាមការអញ្ជើញរបស់ លោក អ៊ុរីវ៉ាន់ ពើហ៊ុន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃ ប្រទេសព្រុយណេដារ៉ូស្សាឡាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
រដ្ឋមន្រ្តីការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងទូលំទូលាយ អំពីកិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ ២០២១ ឲ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផល ផ្លែផ្កា។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានផ្លាស់ប្ដូរយោបល់គា្នដោយត្រង់ទៅត្រង់មកផងដែរ អំពីការ វិវត្តស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ រដ្ឋមន្ត្រី ការបរទេសអាស៊ានបានលើកទឹកចិត្តឲ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិត ពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឲ្យបានប្រកបដោយផ្លែផ្កា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់ ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់នេះ ហើយបានអំពាវនាវឲ្យប្រកាន់យកនូវជំហានជាក់ ស្តែង និងសមស្រប ដើម្បីបង្កលក្ខណៈឲ្យមានកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនារវាងភាគី ពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា៕
ដោយ, សុខ ខេមរា