មានករណីវាយប្រហារគ្រាប់បែកដល់ទៅ៣លើក នៅព្រះវិហារអ៊ីស្លាម Imam Barga ខេត្ត Kandahar បានសម្លាប់មនុស្ស ៤០ នាក់និងជាង៩០នាក់រងរបួសកាលពីថ្ងៃទី ១៥ខែតុលា។ សារព័ត៌មាន Khaama Press បានផ្សាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបង្កឡើងដោយភេរវករ៣នាក់ផ្សេងគ្នា។ ភេរវករ បានចាប់បុគ្គលិកសន្តិសុខ ព្រះវិហារ ក្រោយមកក៏បានបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងពេលសាសនិក កំពុងធ្វើពិធីបួងសួងថ្ងៃសុក្រ។ សាសនិកនៅក្នុងពិធីបួងសួងនៅព្រះវិហារគឺជាសាសនិកនិកាយស៊ីអ៊ិត ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ ការផ្ទុះនៅឡើយទេ។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាប្រហារខាងលើ ដោយចាត់ទុកថានោះជាអំពើព្រៃផ្សៃ ។ រដ្ឋាភិបាលតាលីបង់នឹងស្វែងរកចាប់ខ្លួនក្រុមដែលនៅពីក្រោយការវាយប្រហារយកមកដាក់ទោស។ អគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងថារដ្ឋាភិបាលតាលីបង់ នឹងមានសកម្មភាពដាច់ខាតនៅក្នុងការកម្ចាត់ក្រុមភេរវកម្ម។ អ៊ីរ៉ង់គឺជាប្រទេសកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ី ដូចទៅនឹងព្រះវិហារដែលទើបតែរងការវាយប្រហារផងដែរ៕ដោយ៖ធីរីណា
រូបថត៖AP.
រូបថត៖Khaama Press.