ខេត្តព្រៃវែង: នៅព្រឹកថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១ នៅក្នុងឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង រួចមក លោក វេង សាខុន និងសហការី បានបន្តដំណើរមក ចូលរួមក្នុង “ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ” ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្រោយពី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Kamei Haruko តំណាងអង្គការ JICA ប្រចាំនៅរាជាណាចក្រកម្ពុជា បានរាយការណ៍យ៉ាងក្បោះក្បាយពីប្រវត្ត និងសកម្មភាពការងារនានា រហូតបានកើតបានជារូបរាងហើយដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះ រួចមក លោក វេង សាខុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់ មន្ទីរ រដ្ឋបាលខេត្តព្រៃវែង និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានសហការបានល្អប្រសើរ ជាមួយក្រុមការងារអង្គការ JICA រហូតទទួលបាននូវសមិទ្ធផលគួរជាទីមោទនៈ នាថ្ងៃនេះ។ សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះ គឺជាផ្នែកមួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញការអនុវត្តគោលនយោបាយផលិតពូជដំណាំនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
តាមរយៈគម្រោងនេះ លោកបានសង្កេតឃើញថា អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤(ព្រៃវែង តាកែវ កំពង់ឆ្នាំង និងបាត់ដំបង) របស់គម្រោងបានទទួលការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផលិតកម្ម ការគ្រប់គ្រងផលិតកម្មគ្រាប់ពូជស្រូវ រៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យគុណភាព និងការបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ដែលនឹងប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតាមសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤ ត្រូវបានបំពាក់ និងកែលម្អ ដែលទាំងអស់នេះនឹងជួយឱ្យដំណើរធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងសហគមន៍ និងការប្រើប្រាស់គ្រាប់ពូជស្រូវកាន់តែមានគុណភាព និងប្រសិទ្ធភាព។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីបានកោតសរសើរ និងគាំទ្រចំពោះកិច្ចដំណើរការគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវនេះ ហើយសង្ឃឹមថា លទ្ធផលនៃគម្រោងអាចប្រើប្រាស់សម្រាប់លើកកម្ពស់ផលិតកម្មគ្រាប់ពូជស្រូវ និងធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ។ ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាយន្តការមួយក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកសិករជួបប្រទះ ដោយមិនមើលរំលងអំពីការអនុវត្តកសិកម្មតាមកិច្ចសន្យា ក្រោមការជួយសម្របសម្រួលគាំទ្រពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក បានចូលរួមផ្តល់នូវមតិណែនាំ និងផ្តាំផ្ញើមួយចំនួនដូចតទៅ៖
ទី១ ស្នើអង្គការ JICA ជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករលើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្តនៅក្នុងប្រទេសជប៉ុន ដើម្បីជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា។
ទី២ អគ្គនាយកដ្ឋានកសិកម្ម តាមរយៈគម្រោងនេះ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញការរៀបចំគោលការណ៍ណែនាំបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ និងនីតិវិធីត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាមប្រព័ន្ធ QDS ឱ្យបានលឿន ដើម្បីក្រសួងរៀបចំជាប្រកាសដាក់ឱ្យអនុវត្តទូទាំងប្រទេស។ ដោយឡែក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តគាំទ្របច្ចេកទេស និងជួយសម្រួលដល់សហគមន៍កសិកម្មក្នុងការផលិត និងធ្វើអាជីវកម្មគ្រាប់ពូជស្រូវ ទោះបីគម្រោងនេះបញ្ចប់ក៏ដោយ ហើយសហគមន៍ផលិតគ្រាប់ពូជស្រូវ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទដ្ឋានបច្ចេក-ទេសផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធ QDS ដើម្បីទទួលបានគ្រាប់ពូជមានគុណភាពខ្ពស់ និងការទទួលបានការគាំទ្រ និងទទួលស្គាល់ពីកសិករដែលបានទិញយកទៅប្រើប្រាស់។
ទី៣ ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធ និងធុរកិច្ច សហគមន៍កសិកម្ម ឲ្យក្លាយជាសហគ្រាសកសិកម្មទំនើប តាមរយៈការបង្កើតយន្តការគ្រប់គ្រងសហគមន៍កសិកម្ម និងការបន្តធ្វើទំនាក់ទំនងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មធុនតូច និងមធ្យម ដើម្បីប្រមូលទិញកសិផល ការកែច្នៃ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់នានា
ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូចទៅនឹងទីផ្សារ។
ទី៤ ស្នើសហគមន៍កសិកម្ម ខិតខំស្វែងរកក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាបន្ថែមទៀតឱ្យបានច្រើនដើម្បីជួយតភ្ជាប់មុខជំនួញរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានា តាមរយៈយន្តការនៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីនាំដល់ស្ថានភាព ឈ្នះ-ឈ្នះ ទាំងសហគមន៍កសិកម្ម និងក្រុមហ៊ុន។
ជាចុងក្រោយ លោកមានក្តីសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលមានអង្គការ JICA ក៏ដូចជាអង្គការផ្សេងៗទៀតជាសេនាធិការ រួមទាំងវិស័យឯកជនពិតជានឹងបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះតទៅទៀតដើម្បីរួមចំណែកបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ជាពិសេស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍៕
ដោយ, សិលា