អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ត្រូវបានរាយការណ៍ថា៖ ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមចាប់ពង្រត់អ្នកផ្សព្វផ្សាយសាសនាគ្រឹស្ដ ១៧នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ក្នុងនោះរួមមានទាំងកុមារ និងស្ត្រី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងប្រទេសហៃទី។
ទីភ្នាក់ងារ CNN ដោយផ្អែកលើប្រភពបានមកពីមន្ត្រីសន្តិសុខហៃទី បាននិយាយបន្ថែមថា ជនរងគ្រោះខាងលើត្រូវបានចាប់ពង្រត់នៅក្នុងទីក្រុង ព័រអូប្រាំង នៅពេលដែលពួកគេចេញពីមណ្ឌលក្មេងកំព្រាមួយកន្លែង។
ដោយឡែកជុំវិញករណីខាងលេីនេះដែរ ក្រសួងការបរទេសអាមេរិក ក៏បានទទួលដំណឹងពីរបាយការណ៍ នៃការចាប់ពង្រត់ពលរដ្ឋអាមេរិកផងដែរ តែមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា៖ “សុខមាលភាព និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិក គឺជាអាទិភាពចម្បងរបស់ក្រសួងការបរទេសអាមេរិក”៕ដោយ៖ស តារា