ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យទី១៧ ខែតុលា ឆ្នាំ២០២១ ភ្លាមៗកម្លាំងនគរបាលជំនាញ បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿង កាលពីយប់ថ្ងៃទី១៦ ខែតុលាថ្មីៗនេះ នៅចំណុចផែរូយ៉ាល់ ក្រុងព្រះសីហនុ។
បេីតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ចែត វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ប្រភពដដែល បន្តថា ជនសង្ស័យត្រូវបានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកព្រៃនប់ ឃាត់ខ្លួន បាននៅចំណុចឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ពេលដែលជនសង្ស័យ ជិះម៉ូតូដែលលួចបានបម្រុងគេចខ្លួន។ ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1S-5056 (ផលនៃអំពើលួច) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី