ឧបការីអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងតភ្ជាប់កិច្ចពិភាក្សាជាថ្មីឡើងវិញ ក្រោយពីជាប់គាំងអស់រយៈពេលយ៉ាងយូរមក។ លោក Sung Kim ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅឥណ្ឌូនេស៊ី និងជាឧបការីអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានឱ្យដឹងក្រោយជំនួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu duk និងមន្ត្រីការបរទេសជប៉ុន លោក Funakoshi Takehiro នៅថ្ងៃទី១៨ខែតុលាថា « យើងបានព្យាយាមពិភាក្សាតាមរយៈកិច្ចការបរទេសជាមួយកូរ៉េខាងជើងដើម្បីធានាសន្តិសុខដល់អាមេរិកនិងសម្ពន្ធមិត្ត»។ ឯកអគ្គរដ្ឋទូតគីមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាចងគំនុំជាមួយកូរ៉េខាងជើងនោះឡើយ ដោយសង្ឃឹមថា ភាគីទាំងពីរអាចពិភាក្សាគ្នា ដោយមិនមានលក្ខខណ្ឌអ្វីនោះឡើយ។ ប៉ុន្តែលោកបានបញ្ជាក់ថា អាមេរិកនិងសម្ពន្ធមិត្ត មានភារកិច្ចអនុវត្តតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីកូរ៉េខាងជើង។ ជាច្រើនលើកកន្លងមក អាមេរិកបានបង្ហាញពីការត្រៀមលក្ខណៈពិភាក្សាជាមួយកូរ៉េខាងជើង គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនមានលក្ខខណ្ឌណាមួយឡើយ។ ទន្ទឹមនឹងនោះអាមេរិកនឹងខិតខំស្វែងរកការរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានផ្សាយថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពរបស់កូរ៉េខាងជើងក៏ដូចជាសារដែលកូរ៉េខាងជើងផ្ញើទៅកាន់អាមេរិក៕ ដោយសាធី
រូបថត៖Korea Herald.