ភ្នំពេញ ៖ បុរសពីរនាក់បងប្អូនបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈដែលជិះម៉ូតូឌុបគ្នាទៅធ្វើការត្រូវរថយន្តធុនធំរបស់ក្រុមហ៊ុនផែស្ងួតសូងួនបុកពីក្រោយ រួចកិនពីលើ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពបុរសជាបងឈ្មោះ ឯល ពិនអាយុ៣៥ឆ្នាំ និងបុរសជាប្អូនឈ្មោះពីម៉ឺន ចំណាន អាយុ២៥ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ រីឯបុរសសង្ស័យជាតៃកុងរថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួននាំយកទៅប៉ុស្តិ៍បាត់ទៅ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FX- 9690 ជិះឌុបគ្នាដោយបុរសបងប្អូនម្តាយតែមួយឪពុកទីទៃខាងលេីក្នុងទិសដៅពីជេីងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកេីតហេតុបានឈប់ភ្លើងស្តុប ហើយបន្ទាប់ពីភ្លើងស្តុបចេញភ្លេីងពណ៌ខៀវអនុញ្ញាតឲ្យបន្តដំណេីរនោះម៉ូតូជនរងគ្រោះក៏បើកចេញបានបន្តិចស្រាប់តែរថយន្តក្រុមហ៊ុនផែស្ងួតសូងួន
ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D – 4520បេីកបរដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះដែលបេីកស្របទិសគ្នាក៏ជ្រុលទៅបុកម៉ូតូពីក្រោយកិនស្លាប់ទាំងពីរនាក់បងប្អនភ្លាមៗ ហើយរថយន្តមិនទាន់អស់ល្បឿនក៏រេចង្កូតអូសទាំងម៉ូតូប្រមាណ២០ម៉ែត្រទៅឡេីងលើចិញ្ចេីមផ្លូវទើបកល់ម៉ូតូក្រោមទ្រូងរថយន្តទៅមុខលែងរួច។ ភ្លាមៗនោះតៃកុងរថយន្តបានចុះពីលេីរថយន្តរត់គេចខ្លួនបានបន្តិចក៏ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបាន។បន្ទាប់ពីសមត្ថកិច្ចជំនាញរាជធានីវាស់វែងនិងប្រគល់សពទៅឱ្យក្រុមគ្រួសាររួចសមត្ថកិច្ចមូលដ្ឋានក៏ប្រគល់ឱ្យតៃកុងរថយន្តម៉ូតូនិងរថយន្តទៅការិយាល័យចរាចរណ៍រាជធានីចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖ និន សុភ័ស្ត