ទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ ឡូតូនិងលេងបៀអាប៉ោងបើកដោយមិនញញើតទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេមួយកន្លែងបានលួចលាក់បង្កប់ល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ ឡូតូ និងលេងបៀអាប៉ោងស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងរលូនដោយមានការប្រមូលផ្ដុំមនុស្សជាច្រើន ទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ ដោយមិនបានអនុវត្តតាមវិធានការសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវវិធានការ៣កុំ ៣ការពារ នោះឡើយ។
ទោះបីជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤លុបបំបាត់ល្បែងស៊ីសងឲ្យអស់ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសងនៅទីតាំងខាងលើលួចលាក់បង្កប់ល្បែងបញ្ជល់មាន់តាមអនឡាញ ឡូតូនិងលេងបៀអាប៉ោងដោយមិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ចឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះមកពីអាជ្ញាធរមិនដឹង ទើបមិនបង្ក្រាប ឬមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំទើបមិនហ៊ានប៉ះ ឬក៏ម្ចាស់ទីតាំងល្បែងនោះបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង មិនឮ និងអាចមានចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំណូមពរដល់លោកយិន សាន អធិការនគរបាលខណ្ឌចំការមន និងគណៈបញ្ជាការឯកភាពខណ្ឌចំការមនគួរមានវិធានការចំពោះទីតាំងទាំងអស់នេះផង ព្រោះទីតាំងទាំងនោះមានការប្រមូលផ្ដុំមនុស្សច្រើនទាំងថ្ងៃទាំងយប់ មិនបានរក្សាគម្លាត និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឡើយ។

គួររំលឹកថា កន្លងមកលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានាដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
នាពេលកន្លងមកសម្ដេចក្រឡាហោម ស ខេង ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿងញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print