លោកបណ្ឌិត អុិត សំហេង ជំរុញដល់ក្រុមការងារចុះមូលដ្ឋាន បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត អុិត សំហេង បានជំរុញដល់ក្រុមការងារចុះជួយមូលដ្ឋាន របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយភូមិ ឃុំ សង្កាត់ បន្តផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យ​មានភាពកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងភាពជឿទុកចិត្ត ជាពិសេសសេវាអប់រំ សេវាសុខាភិបាល ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ, កុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភគាំទ្រផ្សេងទៀត រួមទាំងការផ្តល់សេវារដ្ឋបាលផងដែរ។

នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាឱកាស​លោករដ្ឋមន្ត្រី​ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ទៅដល់ក្រុមការងារចុះជួយមូលដ្ឋាន របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។

លោករដ្ឋមន្ត្រី​ក្រសួង​ការងារ​ បា​នបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ទាំងក្នុងការបង្កើត និងពង្រីកមុខរបរ ការងារ, វិស័យកសិកម្ម, ការមិនយកពន្ធលើដីកសិកម្មដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ, ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឃុំ សង្កាត់, ការពង្រឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សនិ្តសុខទឹក និងសន្តិសុខថាមពលអគ្គិសនី, ការអភិវឌ្ឍ និងគ្រប់គ្រងផ្សារ។ល។ រីឯ សេវាចុះបញ្ជីសំបុត្រកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ ចុះបញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃ។

គួរជម្រាបជូនដែរថា នៅក្នុងដំណើររីកចម្រើនរបស់ប្រទេសជាតិ ការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ ទទួលបានលទ្ធផលដ៏ល្អប្រសើរ ធ្វើឲ្យគ្រប់ឃុំសង្កាត់សុទ្ធតែមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាព។ ភូមិ ឃុំ សង្កាត់កាន់តែមានសុវត្ថិភាពរឹងមាំ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ហើយបានរស់នៅយ៉ាងសុខសាន្ត ប្រកបដោយសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូលដោយពុំមានការបែងចែករើសអើងអ្វីមួយឡើយ។​ លទ្ធិប្រជាធិបតេយ្យចាក់ឫសគល់កាន់តែជ្រៅនៅក្នុងមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលបានចែងនៅក្នុងរដ្ឋធម្មនុញត្រូវបានគោរព និងការពារ ប្រជាពលរដ្ឋបានចូលរួមប្រកបដោយភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រស្របតាមឆន្ទៈរបស់ខ្លួន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print