ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងទិសដៅការងារបន្តរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ស្នងការរង ជំនួយការ លោកនាយការិយាល័យ លោកអធិការ អធិការរង និងលោកនាយប៉ុស្តិ៍មួយចំនួនផងដែរ ។
ជាកិច្ចចាប់ផ្តេីមលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបង្ហាញរបាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា ដែលក្រុមការងារអនុវត្តបានកន្លងមកនេះ ដោយផ្តោតសំខាន់លេីការតាមដាន ឆ្លេីយតប ដោះស្រាយ និងចាត់វិធានការណ៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ធ្វេីយ៉ាងណាទទួលបាននូវការជឿជាក់ និងទុកចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាការទទួលពាក្យបណ្តឹង ការប្រេីប្រាស់ពាក្យសម្តី និងកាយវិការឱ្យបានសមរម្យ ជាពិសេសផ្តល់ការធ្វេីឯកសារផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានឆាប់ដូចដែលច្បាប់បានកំណត់ ។ ជាមួយនោះដែរក៏មានចូលរួមមតិពីលោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ ។
ជាកិច្ចបញ្ចប់លោកស្នងការ បានកោតសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សទាំងអស់ ដែលបានខិតខំចូលរួមជាមួយអង្គភាពពាក់ព័ន្ធក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានជាច្រេីនករណី ជាពិសេសលោកប្រធានអង្គប្រជុំ បានផ្តល់ជាមតិណែនាំល្អៗជាច្រេីនផងដែរ និងបានណែនាំដល់ក្រុមការងារយកចិត្តទុកដាក់បន្ថែម លេីការងារនេះ ដេីម្បីធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋសប្បាយចិត្តជាមួយសមត្ថកិច្ច ម្យ៉ាងវិញទៀតឯកឧត្តមស្នងការបានសង្កត់ធ្ងន់ដល់មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងការណែនាំរបស់ថ្នាក់ដឹកនាំ បេីមន្ត្រីរូបណាប្រព្រឹត្តខុស ត្រូវតែអនុវត្តវិន័យកងកម្លាំង បេីល្មេីសខ្លាំងអាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងបន្តអនុវត្តវិធានការច្បាប់ ៕
ដោយ៖ស តារា