ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក(US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដែលដឹកនាំដោយលោក Ted Oslus ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមអមដំណើរពីតំណាងមកពីក្រុមហ៊ុនចំនួន១៣ ដែលជាសមាជិករបស់ក្រុមប្រឹក្សា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានលើកឡើងអំពីវឌ្ឍនភាពការងារ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) ពីពីរគន្លងទៅបួនគន្លង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ក្រចេះ) គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលកម្ពុជាបើកប្រទេសសារជាថ្មីឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ និងបានស្នើឱ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃវិនិយោគលើគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជា ដោយហេតុថាកន្លងមក៖ មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួម ដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិលេខ៤ ដែលអាមេរិកបានសាងសង់កាលពីទសវត្សរ៍ឆ្នាំ៦០ ក៏ដោយ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំ។

ជាទីបញ្ចប់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ និងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងថែមទៀត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print