ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ខំជិះរថយន្តឈ្នួលពីខេត្តកំពង់ឆ្នាំង ដើម្បីធ្វើសកម្មភាពលួចម៉ូតូ លុះមកដល់ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រង់ចំណុចផ្ទះជួលរបស់កម្មកររោងចក្រ ដោយឃើញម៉ូតូរបស់កម្មការិនីទុកនៅខាងមុខបន្ទប់ជួល ក៏ធ្វើសកម្មភាពលួច តែពុំបានសម្រេច ត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាឡោមព័ទ្ធឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ និង ៤០នាទី ត្រង់ចំណុចដីឡូតិ៍នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ គង់ នុន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកជនសង្ស័យឈ្មោះអេង ពៅ ហៅអៀង សុធី ភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិកំពង់រាំង ឃុំកំពង់រាំង ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំ (ឃាត់ខ្លួន) ។វត្ថុតាងចាប់យកបានមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ផលិតឆ្នាំ2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1Y-7630 (ជារបស់ ជនរងគ្រោះ, ដែកសម្រួចមុខសម្រាប់កាច់សោករម៉ូតូចំនួន០១,ទួណឺវីសចំនួន០១ កូនសោម៉ូតូចំនួន០១ និង ទូរស័ព្ទដៃ១គ្រឿង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល១០ព្រឹក ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់ C125 ផលិតឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1Y-7630 ត្រឡប់មកពីផ្សារបែកចានវិញហើយបានទុកម៉ូតូនៅខាងមុខផ្ទះជួល បន្ទាប់មកជនរងគ្រោះក៏ឡើងទៅបន្ទប់ជួលរបស់ខ្លួននៅជាន់ទី២ ដើម្បីយកកំប៉ុងហ្គាសទៅបញ្ចូលនៅខាងលិចផ្ទះជួល។ ពេលជនរងគ្រោះបញ្ចូលហ្គាសរួចហើយ.ក៏ដើរត្រឡប់មកបន្ទប់ជួលវិញ ពេលនោះឃើញមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់មកឈប់នៅមុខផ្ទះជួល ហើយជនសង្ស័យក៏ចុះពីលើម៉ូតូនោះដើរចូលទៅក្នុងផ្ទះជួលតែម្នាក់ឯង ចំណែកមនុស្សម្នាក់ទៀតបានជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ។ បន្ទាប់មកជនសង្ស័យបានលួចកាច់សោករម៉ូតូរបស់ជនរងគ្រោះ ហើយជិះចេញទៅទិសខាងលិច ក៏ជួបជាមួយជនរងគ្រោះកំពុងដើរមកពីបញ្ចូលហ្គាសវិញ ទើបជនរងគ្រោះបានចាប់ទាញដៃចង្កូតម៉ូតូផ្ដួល ហើយស្រែកថាចោរៗក៏មានប្រជាជនដែលរស់នៅក្បែរនោះចេញមកជួយឃាត់ខ្លួនជនសង្ស័យ ហើយរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍បែកចាន បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍បែកចាន សហការណ៍ជាមួយកម្លាំងជំនាញស្រុក បានទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋានដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យបានសារភាពថា៖ខ្លួនបានជិះរថយន្តឈ្នួលចេញពីស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងភ្នំពេញ លុះដល់ម៉ោងប្រហែលប្រាំបួនព្រឹកខ្លួនបានចុះពីរថយន្តឈ្នួលនៅបេនឡានផ្សារថ្មី បន្ទាប់មកបានជួលម៉ូតូឌុបជិះចេញមកតាមផ្លូវជាតិលេខ៤វិញដើម្បីដើររកលួចម៉ូតូគេ ។ រហូតដល់ម៉ោងកើតហេតុ ខ្លួនបានឲ្យម៉ូតូឌុបឈប់ម៉ូតូនៅចំណុចកើតហេតុ ហើយដើរចូលទៅធ្វើសមកម្មភាពកាច់សោករម៉ូតូរបស់ជនរងគ្រោះ ពេលលួចម៉ូតូបានហើយខ្លួនក៏ជិះចេញទៅទិសខាងលិច ក៏ជួបនិងជនរងគ្រោះជាម្ចាស់ម៉ូតូ ហើយក៏បានទាញដៃចង្កូតម៉ូតូផ្ដួល និងឃាត់ខ្លួនខ្ញុំបាទតែម្ដង។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ