ភ្នំពេញ, នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា, សូមគោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត តាមfacebook , ការ Comments រាជរដ្ឋាភិបាលស្ដាប់ ទាំងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី មានឆន្ទៈ និងការប្ដេជ្ញាខ្ពស់ ប្រែក្លាយស្ថាប័នរាជរដ្ឋាភិបាល ទៅជាអ្នកផ្ដល់សេវាសាធារណៈ (អ្នកបម្រើរាស្រ្ដ) ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍សង្គមជាតិទាំងមូល។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវនយោបាយបើកចំហ ទទួលយកការលើកឡើងពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានអនុវត្តយន្ដការបង្កើតអ្នកនាំពាក្យក្រសួង ស្ថាប័ន រួមទាំងអ្នកនាំពាក្យរាជធានី ខេត្ត ជាពិសេស គឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចស្នូលជារួម ២ សំខាន់ គឺ “ផ្សព្វផ្សាយ និងឆ្លើយឆ្លង”។ ទន្ទឹមគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី ជាដើម ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដ៏ទៃទៀត បានប្រកាសអនុញ្ញាតដល់ប្រជាពលរដ្ឋទាំងឡាយ អាចផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ សម្ដេច ដើម្បីលើកឡើងពីសំណូមពរ សេចក្ដីត្រូវការជាចាំបាច់ ឬបញ្ហាប្រឈមក្នុងមូលដ្ឋាន ដើម្បីសម្ដេចតេជោ នាយករដ្ឋមន្រ្ដី សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្ដី ឬថ្នាក់ដឹកនាំស្ថាប័នជំនាញ បានទទួលជ្រាប និងដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងចំណោមមេដឹកនាំនៃបណ្ដាប្រទេស បានបង្ហាញនូវឥរិយាបទដ៏កម្រ និងឧត្តុង្គឧត្តមបំផុត បញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយបើកចំហ ដែលជារាជរដ្ឋាភិបាលស្ដាប់ បង្ហាញចេញនូវភាពជិតស្និទ្ធ ការយកចិត្ដទុកដាក់ និងភក្ដីភាពរបស់រដ្ឋ ដើម្បីភាពសុខសាន្ដ និងសុខដុមនីយកម្មរបស់រាស្រ្ដ ក្នុងដំណើរការកសាង និងអភិវឌ្ឍជាតិ៕
ដោយ, សុខ ខេមរា