ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក លោកស្រីអភិបាលរងខណ្ឌ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំសាលាខណ្ឌ និងតំណាងសង្កាត់ទាំង៧ ដើម្បីចែកជូនដល់ប្រជាការពារភូមិ សង្កាត់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល សរុបចំនួន៦៣៥នាក់ ដោយម្នាក់ៗទទួលបាន អង្ករមួយបេ(២៥គីឡូក្រាម), មីមួយកេស, ត្រីខកំប៉ុងមួយយួរ, ទឹកត្រីមួយយួរ និងម៉ាស់១ប្រអប់។ អំណោយដ៏ថ្លៃថ្លានេះគឺជាកម្លាំងចលករមួយដែលចូលរួមចំណែកលើកទឹកចិត្តក្នុងការជំរុញ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផង និងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់នានាក្នុងមូលដ្ឋានរបស់ខ្លួនផង។
តាងនាមរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ សូមគោរពថ្លែងអំណរគុណជូនចំពោះលោកអភិបាលរាជធានីភ្នំពេញ និងមន្រ្ដីរាជការនៅរាជធានីទាំងអស់សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំការងារជូនដល់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាព អរគុណសន្តិភាព! ៕
ដោយ៖ សំរិត