ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យមេីលដំណេីរការកសាងអគារថ្មីនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ និងការជួសជុលកែលម្អរអគារអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងការរៀបចំជួសជុលកែលម្អអោយមានសោភ័ណភាពអគារតាមផ្នែកជំនាញនីមួយៗ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ស្នងការបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ និងបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលលោកសន្តិបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខដល់សុខភាពបងប្អូនកម្លាំងប្រដាប់អាវុធគ្រប់រូប ដោយមិនរេីសអេីងវណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បាននាំយកប្រសាសន៍លោកឧត្តមសេនីយ៍សន្តិបណ្ឌិតផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺសូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ។ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ៕
ដោយ៖ វណ្ណៈ