ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ គឺជាថវិកាឆ្នាំទី៤ នៃអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលប្រទេស កម្ពុជាកំពុងស្ថិតនៅកណ្តាលនៃវិបត្តិកូវីដ-១៩នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មីជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានផល ប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរមកលើថវិកាជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ វៃឆ្លាត និងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ នៃរាជរដ្ឋាភិបាល និងក្នុងឋានៈជាអគ្គមេបញ្ជាការតែមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២. ត្រូវបានរៀបចំនិងភាពសម្រាប់ ការអនុវត្តសកម្មភាពអាទិភាពដែលត្រូវបានកំណត់ក្នុងកម្មវិធីនឹងអាទិភាពគោលនយោបាយ សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានជាអាទិ៍៖ ការទប់ទល់នឹងការរាតត្បាតនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩, ការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ ដើម្បីបន្ត បង្កើតការងារជូនប្រជាជន ជាពិសេសស្រទាប់យុវជនផ្ដល់លទ្ធភាពឱ្យប្រជាជនទទួលបាន ប្រាក់ចំណូលខ្ពស់ឡើងវិញ និងជំរុញបង្កើនចំណូលថវិកាជាតិ, ការបន្តអភិវឌ្ឍធនធានមនុស្ស, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបន្តអភិវឌ្ឍនិងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម, ការកសាងប្រព័ន្ធគាំពារសង្គមរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពនិងមានភាព ឆ្លើយតបខ្ពស់, ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាកែលម្អប្រព័ន្ធអប់រំ កាន់តែមានគុណភាពខ្ពស់, និងការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ។ លើសពីនេះទៀត ថវិកាឆ្នាំ២០២២ ក៏ជាថវិកាដែលត្រូវធានាដល់ជោគជ័យនៃ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់និង អន្តរជាតិរបស់កម្ពុជា ពិសេសក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបានថាជា “ថវិកាសម្រាប់បន្តការប្រយុទ្ធ ប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធ ការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយ នឹងការតម្រង់ធនធានឆ្ពោះទៅស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ” ៕