ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ សពបុរសម្នាក់ដែលលិចបាត់ក្នុងស្ទឹងអូរដំបង ដែលលោតចាប់ឈើអណ្តែតទឹក នៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានពលរដ្ឋដើររកចាប់ត្រីក៏ប្រទះឃើញ នៅត្រង់ចំណុចខាងក្រោមទីតាំងកើតហេតុចម្ងាយប្រហែល៥០ម៉ែត្រ។បុរសនេះបាត់បង់ជីវិត ដោយសារតែឃើញឈើអណ្តែតទឹកក្នុងស្ទឹង ពេលជំនន់ទឹកភ្លៀងកំពុងឡើងខ្លាំង ក៏លោយទៅទាញឈើហ៊ុបហើយក៏លិចបាត់រហូត។តែមកដល់ពេលនេះ ទើបពលរដ្ឋឃើញសពនៅជាប់នៅនឹងព្រៃរបោះក្បែរមាត់ស្ទឹងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
លោកអនុប្រធានភូមិបានបញ្ជាក់ថា ៖ កាលពីវេលាម៉ោង ១០ និង៤៧នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋម្នាក់លង់ទឹកស្ទឹងកើតឡើងនៅស្ទឹងក្បែរខ្យូសលោក ជួប វុទ្ធី បណ្តាលឱ្យលិចបាត់ខ្លួននោះ ឈ្មោះ ណាង ស៊ីណាល់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅស្ថិតនៅភូមិ/សង្កាត់ខាងលើ ។
ប្រភពពីលោកអនុមេភមិប្រាប់ថា÷មូលហេតុបុរសជនរងគ្រោះគាត់បានឈរមើលទឹកហូរក្នុងស្ទឹង ហើយខណ:ទឹកកំពុងឡើងខ្លាំង រួចគាត់ក៏ចុះហើយលោតទៅចាប់ឈើហ៊ុបងាប់កំពុងអណ្តែតតាមទឹកស្ទឹង ស្រាប់តែលិចទៅតាមឈើហ៊ុបបាត់តែម្តងទៅ ។
លោកអនុប្រធានភូមិបានប្រាប់បន្តថា សពបុរសខាងលើត្រូវបានពលរដ្ឋប្រទះឃើញនោះ មានភាពស្អុយរលួយព្រោះស្លាប់យូរថ្ងៃមិនបានលើកយកទៅផ្ទះទេ ទើបក្រុមគ្រួសារនិងបងប្អូនអ្នកភូមិនាំគ្នាកាប់ព្រៃនៅកន្លែងកើតហេតុយកសពរៀបចំបូជានៅនឹងកន្លែងកើតហេតុ រួចយកធាតុទៅរៀបចំធ្វើបុណ្យនៅឯផ្ទះតាមប្រពៃណីតែម្តងទៅ៕