ភ្នំពេញ៖ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សត្វស្វាកន្ទុយសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។ លោកបន្តថា, គេមិនមានរបាយការណ៍សត្វស្វាកន្ទុយសសរុបនៅលើពិភពលោកទេ ប៉ុន្តែមិននៅសេសល់ច្រើននោះឡើយ។ តាមទិន្នន័យ ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង ២ ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេគឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីដែលតាមការសិក្សាមានចំនួន ៦.៧៥៦ក្រុម។ ដោយមានការអភិរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាមាន ស្ថេរភាព។ ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរដែលជិតផុតពូជផ្សេងទៀយលើពិភពលោកដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា, កូនស្វាដែលខ្ញុំបីនេះគឺជាកូស្វាកន្ទុយសឈ្មោលមួយក្បាលដែលជាប្រភេទសត្វកម្រជិតផុតពូជត្រូវ បានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពារនិងអភិរក្ស។ បច្ចុប្បន្នវាកំពុងត្រូវបានថែរក្សាការពារនៅមជ្ឈមណ្ឌលសង្គ្រោះនិងអភិរក្សសត្វព្រៃភ្នំតាម៉ៅ៕