ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង ៣០០០ ក្បាលក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​២៧​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ដោយសារតែកត្តាអំណោយផល កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។ យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។

វត្ដមាន​ស្វាព្រាម​នេះ​ភាគច្រើន​មាន​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស ​កម្ពុជា ដូចជា​ដែនជម្រក​សត្វព្រៃ​កែវសីមា លំផាត់ និង​ស្រែពក​។ ពួកវា​ចូលចិត្ដ​រស់នៅ​តាម​តំបន់​ទន្លេ និង​ព្រែក ដូចជា​ទន្លេ​សេកុង និង​ស្រែពក​ជាដើម​។ មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ផ្សេងៗ​របស់​ស្វាព្រាម​នេះ​គឺ​វា​ជា​សត្វ​ស៊ី​ផ្លែឈើ ស្លឹកឈើ​។ ដូច្នេះ​វា​គឺជា​ភ្នាក់ងារ​ ១ ​ក្នុង​ការនាំ​គ្រាប់ពូជ​រុក្ខជាតិ​ពី​ ១ ​កន្លែង​ទៅ​ ១ ​កន្លែង​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ដើម្បី​អាចឱ្យ​រុក្ខជាតិ ព្រៃឈើ​អាច​បន្ត​ដុះ​លូតលាស់​បាន​។

ជាការកត់សម្គាល់ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅ ផ្នែកច្រមុះ និងមាត់មានពណ៌សប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។ រោមក្បាលដុះវែងកញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។

កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។ នៅពេលពេញវ័យ វាប្រែពណ៌រោមប្រផេះដែលដុះលាតសន្ធឹងរាលដល់ប្រអប់ជើង និងកន្ទុយ ហើយការប្រែពណ៌នេះចាប់ផ្ដើមក្រោមអាយុ ៣ ខែ។ ស្វាព្រាមនេះមានពណ៌ប្លែកគ្នាជាច្រើន អាស្រ័យតាមតំបន់ដែលវារស់នៅ ដូចជាតំបន់ក្បែរមាត់ទន្លេ ឬស្ទឹង តំបន់វាលភក់ តំបន់ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print