ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅព្រឹកនេះអាស៊ានបានប្រកាសស្វាគមន៍ជំនួយជាកម្ចីជប៉ុនចំនួន ២៥០ពាន់លានដុល្លារ ជាពិសេសតាមរយៈគាំទ្រ និងការឆ្លើយតបនូវការគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំប្រទេសទាំង៩នៅអាស៊ាន ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ នៅព្រឹកនេះ មេដឹកនាំអាស៊ាន-ជប៉ុន បានធ្វើការកត់សម្គាល់ទៅលើចំណុចពីរនៃទំនាក់ទំនងអាស៊ាន-ជប៉ុន គឺការអនុវត្តការកែសម្រួលសេចក្តីប្រកាសចក្ខុវិស័យ ស្ដីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន និងវឌ្ឍនភាពស្ដីពីការអនុវត្តសេចក្តីប្រកាសរួមស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន លើចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។
នៅក្នុងកិច្ចប្រជុំកំពូលនោះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយជាពិសេសពាក់ព័ន្ធការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់អាស៊ាននិងផ្ដល់វិភាគទាន ៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី។
ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ក៏បានស្វាគមន៍នៃជំនួយជាកម្ចីពីជប៉ុនចំនួន ២៥០ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រ និងការឆ្លើយតបនូវគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
កន្លងទៅនេះប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ចំពោះជំនួយឥតសំណងចំនួន ២០០លានដុល្លារ ដែលជប៉ុនបានប្រកាសជួយដល់បរិក្ខាពេទ្យនិងឧបករណ៍ផ្សេងៗ ព្រមទាំងបានជួយទៅលើផ្នែកបច្ចេកទេសដល់បណ្ដាប្រទេសអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើឲ្យជប៉ុនបន្តជួយការកសាងសហគមន៍អាស៊ាន ជាពិសេសការតភ្ជាប់ផែនការមេឆ្នាំ២០២៥ និងជួយសមាហរណកម្មអាស៊ាន សម្រាប់ផែនគំនិតផ្ដួចផ្ដើមអាស៊ានលើកទី៤ព្រមទាំងឱ្យជប៉ុន ចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ជាពិសេសនៅតំបន់មេគង្គ។
ទំនាក់ទំនងដៃគូរសន្ទនាអាស៊ានជប៉ុនត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៣ គិតរហូតមកដល់ពេលនេះមានអាយុកាល៤៨ឆ្នាំហើយ។ ក្នុងឆ្នាំ២០២៣ ជាខួបលើកទី៥០ឆ្នាំនៃការបង្កើតភាពជាដៃគូរវាងអាស៊ាន និងជប៉ុន ដែលភាគីទាំងពីរសម្រេចជ្រើសរើសប្រទេសជប៉ុន ជាទីកន្លែងប្រជុំដើម្បីអបអរខួបទំនាក់ទំនងនេះ៕
ដោយ, សុខ ខេមរា