ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់ខ្លួនតាមដីកាពាក់ព័ន្ធឆបោកប្រាក់របស់គេ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅភូមិបាវិតកណ្ដាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ អ៊ុង ចិន្តា អាយុ៣១ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ ហើយស្ត្រីសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះធ្វើឡើងតាមដីកាចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ របស់លោក គង់ ច័ន្ទខេមរិត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ។
នៅក្នុងដីកាបញ្ជាឲ្យនាំខ្លួនបានបញ្ជាក់ថា ស្ត្រីសង្ស័យត្រូវឲ្យចូលបង្ហាញខ្លួននៅការិយាល័យ ព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទឆបោកតាមបណ្ដឹងរបស់ឈ្មោះ មាឃ ណាវី ។ ក៏ប៉ុន្តែតាមប្រភពឲ្យដឹងថា ស្ត្រីសង្ស័យត្រូវបានតុលាការកោះឲ្យចូលខ្លួនចំនួន៣លើករួចមកហើយដើម្បីបំភ្លឺ ជុំវិញដើមបណ្ដឹងតែដោយសារអវត្តមានស្ត្រីសង្ស័យទើបតុលាការសម្រេចចេញដីកាឃាត់ខ្លួនតែម្ដង។
តាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីសង្ស័យត្រូវបានដើមបណ្ដឹងប្ដឹងចោទពីបទឆបោកប្រាក់ប្រមាណជិត៩ពាន់ដុល្លារ ហើយគេចវេសមិនសងម្ចាស់បំណុលទើបម្ចាស់លុយប្ដឹងឲ្យមានការចាប់ខ្លួនកាលពីព្រឹកខាងលើនេះ។
បើតាមប្រភពពីសាច់ញាតស្ត្រីជាប់ចោទបទឆបោកប្រាក់បានឲ្យដឹងដែរថា ការប្ដឹងចោទប្រកាន់និងបទចោទរបស់តុលាការនោះគឺមានភាពអយុត្តិធម៌ព្រោះប្រាក់នេះស្ត្រីសង្ស័យមិនបានឆបោកនោះទេ តែបានចងការហើយកន្លងមកនិងជាបន្តបន្ទាប់បានសងដើមខ្លះនិងការផងមានចំនួនច្រើនស្ទើស្មើដើមចុងទៅហើយ។ ដូច្នេះការចោទថាស្ត្រីសង្ស័យឆបោកនោះគឺជារឿងអយុត្តិធម៌សម្រាប់ស្ត្រីជាប់ចោទ ហេតុនេះតុលាការគួរសិក្សាពិចារណាបទចោទនៅក្នុងដីកានេះផង។
ទាក់ទិននិងការលើកឡើងរបស់សាច់ញាតស្ត្រីសង្ស័យខាងលើនេះ «នគរដ្រេហ្គន» មិនអាចរកការពន្យល់ពីលោក គង់ ច័ន្ទខេមរិត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានទេនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ដោយសារគ្មានលេខទូរស័ព្ទ៕
ដោយ៖ យឹម សុថាន