ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់គួរឱ្យរន្ធត់និងតក់ស្លុតបំផុតខណ:ដែលយុវជនម្នាក់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលទៅក្នុងម៉ាស៊ីនបំបែកជរ័នៅរោងចក្រម៉ាន់វ៉ាកិនខ្ទេចឆ្អឹងបង្កការភ្ញាក់ផ្អើលដល់កម្មករដូចគ្នារាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅរោងចក្រម៉ាន់វ៉ា ស្ថិតក្នុងភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះប៉ាង វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនខាងលើបានធ្វើការងារដូចធម្មតា ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែធ្លាក់ចូលទៅក្នុងម៉ាស៊ីនបំបែកជរ័ កិនខ្ទេចឆ្អឹងបង្កការភ្ញាក់ផ្អើលដល់កម្មករដូចគ្នាតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នេះគឺដោយសារតែជនរងគ្រោះខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យស្លាប់បែបនេះ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះ
យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន