លោក ឃួង ស្រេង នាំអំណោយសម្តេចតេជោយកទៅចែកជូនពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ទំនប់ព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ អំណោយរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជាអង្ករ មី ត្រីខ ទឹកស៊ីអុីវ ត្រូវបានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥ គ្រួសារ ដែលទទួលរងនូវការលិចលង់ដោយទឹកជំនន់ទំនប់ព្រែកត្នោតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីចែកអំណោយខាងលើនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ២០២១នេះ នៅក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោ រាជធានីភ្នំពេញ ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរមានវត្តមានលោកកែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងលោកស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោកឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះគឺជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។សម្ដេចទាំងពីរ បានឱ្យរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយទាំងនេះ មកចែកជួនបងប្អូនដែលជួបការពិបាក ដោយសារទឹកជំនន់ ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃទី២៨ ខែតុលានេះ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ៤តឹកហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ចនិងកងអង្គរក្សសម្ដេចតេជោនៅតែឈរជើងនៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជានិច្ចកាលនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាទុក្ខព្រួយគឺសម្ដេចទាំងពីរតែងតែជួយបងប្អូនប្រជាពរដ្ឋជានិច្ចដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
លោកឃួង ស្រេង បានបន្ថែមឱ្យដឹងទៀតថា អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ចំនួន១០០០តោនបានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print