នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក។

តាមរបាយការណ៍បូកសរុបលទ្ធផលហ្វឹកហ្វឺនបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលភាសាចិននាឱកាសនេះ មានសិក្ខាកាមសរុបចំនួន ៥៣ នាក់, សិក្សារយៈពេល២ឆ្នាំ ក្នុងគោលដៅដើម្បីលើកកម្ពស់ចំណេះដឹងជាមូលដ្ឋាន សម្រាប់បំពេញភារកិច្ចចំពោះមុខ។

ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងលទ្ធផលដ៏ល្អរបស់កម្មសិក្សាការីទាំងអស់នៃវគ្គជំនាញភាសាចិន ដែលបាន​ខិតខំសិក្សារៀនសូត្រ ជម្នះរាល់ការលំបាក ប្រកប​ដោយភាពអំណត់ រហូតទទួលបានជោគ​ជ័យ​គួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងជួរកងយោធពល​​ខេមរភូមិន្ទ គឺជាការងារអាទិភាព ដែលទាមទារឲ្យបង្កើនគុណភាពហ្វឹកហ្វឺន ការបណ្តុះបណ្តាលយោធិនអាជីព ការកសាងនាយទាហានវ័យក្មេងសម្រាប់បន្តវេន ដែលជាកត្តាគន្លឹះសម្រាប់បង្កើនប្រសិទ្ធភាពការងារ ក្នុងគោលដៅធានាជោគជ័យ និងនិរន្តភាពនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ។ ជាក់ស្តែង ការបណ្តុះបណ្តាលភាសាចិននាពេលនេះ គឺជាការបោះជំហានទៅមុខ​មួយជំហានរបស់កងយោធពលខេមរភូមិន្ទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ជាទុនសម្រាប់ការប្រាស្រ័យទាក់ទងរវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)ទៅអនាគត។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះ​​ជាតិ សាសនា ព្រះមហាក្សត្រ លើក​កម្ព​ស់​​​មន​សិ​ការ​​ស្នេហាជាតិ គោរពឱ្យបាន​ម៉ឺង​ម៉ាត់​នូវច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅរបស់​កងយោធ​ពល​​​ខេមរភូមិន្ទ និង​បទ​បញ្ជារបស់​​​ រាជរដ្ឋាភិបាល ក្រសួង​ការ​ពារ​​ជាតិ និងអគ្គ​បញ្ជា​ការ ដែល​បានប្រគល់ឲ្យ ។ ទន្ទឹមនេះ ត្រូវបន្តព្យាយាមការរៀនសូត្រភាសាចិន ឲ្យបានច្រើន ទាំងការសរសេរ ការអាន ការនិយាយ ដោយធ្វើការ​សិក្សាស្រាវជ្រាវតាមគ្រប់រូបភាព ដើម្បីអភិ​វវឌ្ឍខ្លួ​នឱ្យ​សម្រេចបាន​ជោគជ័យតាមភារកិច្ចជាក់ស្តែង។

បន្ថែមថែមលើនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានក្រើនរំឭកដល់កម្មសិក្សាទាំងអស់នូវចំណុចមួយចំនួនមានដូចជា៖
១.យល់ដឹងកាន់តែជ្រាលជ្រៅ និងចងចាំអំពីស្មារតីនៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឲ្យកម្ពុជាទទួលបានសុខសន្តិភាព និងខិតខំលើកកម្ពស់មនសិកាស្នេហាជាតិ ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងរាំងស្កាត់មិនឲ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាល កើតមានសារជាថ្មី។

២.នាយទាហាន ពលទាហាន ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសង្គម និងក្នុងខ្លួនប្រជាពលរដ្ឋ កាត់ផ្ដាច់ការឆ្លងជំងឺកូវីដ.១៩ និងឈានទៅបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ ដោយរស់នៅភាពសុខដុមរមនា។

៣.គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងរថយន្តចង្កូតស្តាំដែលគ្មានពន្ធ ចូលបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ។

៤.អំពាវនាវដល់យោធិនគ្រប់រូប ព្រមទាំងក្រុមគ្រួសារ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print