ថ្ងៃមួយខែវិច្ឆិកាស្អែកនេះថៃនឹងចាប់ផ្តើមបើកទ្វារនៅខេត្តក្រុងចំនួន១៧ ដើម្បីទទួលអ្នកទេសចរមកពី៤៦ប្រទេសជុំវិញពិភពលោក ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះថៃក៏បានហាមប្រាមធ្វើបាតុកម្ម ក្នុងពេលបើកប្រទេសសាកល្បង រស់នៅជាមួយកូវិដ១៩។
បើទោះបីការបើកទ្វារប្រទេសនឹងចូលមកដល់ស្អែកនេះ តែករណីឆ្លងនិងស្លាប់នៅក្នុងប្រទេសនេះនៅមានខ្ពស់ដដែល ។ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Postនៅថ្ងៃទី៣១ខែតុលាបានផ្សាយថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៨៥៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,២៥៣នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩១២,០២៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,២០៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧៩២,១២៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៧៣.៤៥លានដូស ក្នុងនោះប្រជាជន ២៩.៨លាននាក់ (៤២.៥៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ធីរីណា
រូបថត៖iStock/Tieataopoon.