ភ្នំពេញ, ក្រុមប្រឹក្សាជាតិដើម្បីកុមារ ប្រកាសថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត ចំពោះការប្រព្រឹត្តិអំពើហិង្សា ដោយចេតនា ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ ប្រព្រឹត្តមកលើកុមារីពីរនាក់នៅក្រុងក្រចេះខេត្តក្រចេះ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិដើម្បីកុមារ បានចេញសេចក្តីថ្លែងការណ៍ថា, ករណីហិង្សាដោយចេតនារបស់លោក ទេព ហ៊ុយ ទៅលើកុមារី០២នាក់ បម្រើតាមផ្ទះ អាយុ១២ឆ្នាំ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តចេះ។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជក) សូមថ្កោលទោសដាច់អហិង្សា មិនអាចទទួលយកបានដាច់ខាតចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាង ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ បម្រើការនៅកងរាជអាវុធខេត្តក្រចេះ ទៅលើកុមារី០២នាក់ ដែលមានឈ្មោះ ត្រក ធារ៉ា ភេទស្រី អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដែលករណីនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងសូមកោតសរសើរ ព្រមទាំងថ្លែងអំណរ គុណចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ហាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ ព្រម ទាំង មេធាវីរបស់រាជរដ្ឋាភិបាលដែលបានស្ម័គ្រចិត្តការពារករណីនេះ ក្នុងន័យរកយុត្តិធម៌សម្រាប់សង្គម។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់ទាំង០២នាក់នេះ ដែលទទួលរងគ្រោះ អំពើហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ និងយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជក ដែល ជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នអយ្យការតុលាការ សូមបន្តបណ្ដឹងអាជ្ញាលើករណីហិង្សាស្ថានទម្ងន់នេះ ដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនល្មើសនេះ ដើម្បីកុំឲ្យអំពើដ៏ អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕
ដោយ, សុខ ខេមរា