ខេត្តរតនគិរីចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារអាយុចាប់ពី៥ឆ្នាំ

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តរតនគិរីបានចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ ដែលរស់នៅ ក្នុងសង្កាត់ទាំង៤ នៃក្រុងបានលុង។

លោក ងិន ណែល អភិបាលក្រុងបានលុងបានអោយដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារអាយុ៥ឆ្នាំធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ហើយកុមារអាយុ៥ឆ្នាំ ក្នុងក្រុងបានលុងមានប្រមាណជាង១០០០នាក់ ដែលនឹងមកទទួលការចាក់វ៉ាក់សាំងរយៈ៣ថ្ងៃនេះ។

លោក ងិន ណែល សង្តត់ធ្ងន់ថាការចាក់ វ៉ាក់សាំងដូសទី១ សម្រាប់កុមារនាពេលនេះ គឺជាការគិតគូរ និងយកចិត្ត ទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មកលើកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំ ក្នុង គោលបំណងជំរុញឱ្យមានការបើក សាលាបឋមសិក្សាឡើងវិញ ខណៈពេលដែលកុមារដែលមានអាយុ៦ឆ្នាំ  រហូតដល់១២ឆ្នាំ បានចាក់វ៉ាក់សាំងដូ សទី២រួចរាល់ហើយ នឹងឈានទៅដល់ ការបើកសាលា ឱ្យដំណើរការ រៀនសូត្រឡើងវិញ។

លោកអភិបាលក្រុងបានលុង បានបន្ថែមថា បើទោះបីជាសិស្សានុសិស្ស ឬកុមារ តូចៗ  ដែលបានទទួលការចាក់វ៉ាក់សាំង  នឹងត្រូវបានចូលរៀននៅសាលាសារជាថ្មីក្តី ក៏ក្មួយៗត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់  និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលក៏ដូចជាវិធានការ «៣កុំ  ៣ការពារ» របស់សម្ដេចតេជោ  ដោយមុននឹងចូលសាលាត្រូវពាក់ម៉ាស បាញ់អាល់កុល ឬជែល សម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ ការឆ្លងមេរោគ ដ៏កាចសាហាវនេះ ។

ប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស បានសម្តែងនូវ សេចក្តីត្រេកអរឥតឧបមា ដោយបានឃើញ កូនចៅជាទីស្រឡាញ់ របស់ពួកគាត់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ដោយឥត គិតថ្លៃ។ ជាមួយគ្នានោះ ពួកគាត់សប្បាយចិត្ត ជាខ្លាំង ខណៈដែលកូនៗចៅៗ របស់ពួកគាត់បានចូលរៀន សារឡើងវិញបន្ទាប់ពីបិទសាលាមួយ រយៈកន្លងមក និងសង្ឃឹមថាមេរោគដ៏ សាហាវនេះ ឆាប់រលាយសាបសូន្យនាពេលខាងមុខ៕

      

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print