ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមនិងជម្រាបលាពីលោក Song Xiaoguo មន្រ្តីស្ថានតំណាងពាណិជ្ជកម្មនិងសេដ្ឋកិច្ច នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
លោក Xiaoguo បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ខ្លួនចំពោះលោកទេសរដ្ឋមន្ត្រី ដែលបានរិតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ ជាមួយគ្នានេះផងដែរ លោកបានណែនាំឲ្យស្គាល់ឯកឧត្តម Li An ដែលនឹងទទួលតំណែងបន្តពីលោកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Li An បានសម្តែងនូវការប្តេជ្ញារបស់ខ្លួនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងបន្តបំពេញការងារឲ្យកាន់តែជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះការគាំទ្រនិងកិច្ច សហប្រតិបត្តិការកំពុងបន្តរវាងកម្ពុជា និងចិន។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបានណែនាំឯកឧត្តម Xiaoguo ឲ្យស្គាល់លោក ប៉ាន់ សូរស័ក្ក ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទើបទទួលការតែងថ្មី និងបានស្នើឲ្យស្ថានទូតពង្រីកការគាំទ្ររបស់ខ្លួនចំពោះលោក ប៉ាន់ សូរស័ក្ក ចំពោះតួនាទីថ្មីនេះ៕
ដោយ៖ សិលា