ខេត្តក្រចេះ ៖ អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រចេះ និងបក្ខពួកម្នាក់ទៀត ដែលជាអាវុធហត្ថ ចំណុះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះដូចគ្នានោះ ត្រូវបានអង្គភាពកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីចាប់ឃាត់ខ្លួនក្រោយប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ទៅលើកុមារី២នាក់ ដែលជាអ្នករស់នៅក្នុងផ្ទះរបស់ខ្លួន ។
ជនរងគ្រោះជាអនីតិជនអាយុ១២ឆ្នាំ ត្រូវបានលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងកូនចៅដែលបក្ខពួក បានធ្វើទារុណកម្មតាមរយៈ វាយនឹងកៅអីជ័រពណ៌ក្រហម បញ្ជាអោយកូនចៅទះកំភ្លៀង បោចសក់ ។ ដោយឡែកខ្លួនឯងជាមេកើយ បានយកជាន់ករ និងក្បាល បញ្ជាអោយសុីអាចម៍ឆ្កែ ដេកអោបផ្នូខ្មោចឆ្កែ បន្ទាប់ពីកុមាររងគ្រោះបានធ្វើឆ្កែរបស់ខ្លួនងាប់ គ្រាយកទៅជ្រងុចទឹកនោះ។
តាមរយៈអំពើដ៏ឃោរឃៅ សាហាវព្រៃផ្សៃ អសីលធម៌ ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកងរាជអាវុធហត្ថខេត្តក្រចេះចាត់វិធានការឃាត់ខ្លួននាយអាវុធហត្ថរូបនេះជាបន្ទាន់ភ្លាមៗ ដោយមិនទុកឱ្យមានមន្ត្រីបែបនេះ ស្ថិតក្នុងជួរកងរាជអាវុធហត្ថបានជាដាច់ខាត មានតែអនុវត្តតាមច្បាប់បញ្ជូនទៅតុលាការ។
តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា, បន្ទាប់ពីបញ្ចប់ការសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះរួចមក ជនដៃដល់ឈ្មោះ ទេព ហ៊ុយ អាយុ៤២ឆ្នាំ តួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះ គឹម សុវណ្ណរិទ្ធ ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថាករណីនេះ, មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ បានគាំទ្រចំណាត់ការលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបញ្ជាឲ្យមានវិធានការផ្លូវច្បាប់ទៅលើជនដែលប្រព្រឹត្តបទល្មើស៕
ដោយ, សុខ ខេមរា