ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់ថ្ងៃទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់ ដោយនេះជាថ្ងៃទី២ បន្ទាប់ពីបានចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា ពេលនេះយើងបានបិទបញ្ចប់ការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយត្រួតពិនិត្យតាមប្រព័ន្ធ Zoom ហើយប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាទ្រង់ទ្រាយធំជាលើកដំបូង ក្នុងរយៈពេលវិបត្តិជំងឺកូវីដ-១៩នេះ។ ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនេះគឺអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីជំរុញឲ្យសិទ្ធផលនៃការហ្វឹកហាត់របស់ក្រុមជម្រើសជាតិឲ្យកាន់តែល្អប្រសើរឡើងវិញ ត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាអំឡុងខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

អគ្គលេខាធិការទ្រីយ៉ាត្លុងរូបនេះបន្ថែមថា ការហ្វឹកហាត់ជាមួយគ្រូបង្វឹកដោយផ្ទាល់នេះគឺជាអំណោយផលខ្លាំងណាស់ ក្នុងការបង្កើនបាននូវគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិ ដោយខុសគ្នាឆ្ងាយណាស់ពីការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនកន្លងមក។ ការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងនេះចាប់ផ្តើមពីថ្ងៃទី១ខែវិច្ឆិកាតទៅរហូតដល់ជិតដល់ស៊ីហ្គេម លើកទី៣១ នាឆ្នាំ២០២២ នៅប្រទេសវៀតណាមតែម្តង។ ក្នុងពេលដំណាលគ្នានៃការហ្វឹកហាត់នេះដែរ ក៏ជាការត្រៀមខ្លួនរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន នាចុងខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែបផងដែរ។

លោក ងិន សុខបញ្ញា បានឲ្យដឹងបន្ថែមថា ក្រុមជម្រើសជាតិ ឆ្នាំ២០២១ មានចំនួនសរុប១៤នាក់ ក្នុងនោះកីឡាករ ៩នាក់ និងកីឡាការិនី ៥នាក់។ ចំពោះគ្រូបង្វឹកមាន៤នាក់ ក្នុងនោះមានគ្រូបង្វឹកបរទេសម្នាក់ ជាជនជាតិណូវែលសេឡង់។ ការប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់នេះទទួលបានការទំនុកបម្រុងការឧបត្ថម្ភ និងរបបអាហារពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម គឺប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាបានត្រៀមចូលរួមប្រកួតលើវិញ្ញាសាចំនួន៤ រួមមាន៖ ១-វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២វិញ្ញាសាបុរស-នារី ដែលត្រូវហែលទឹក១៥០០ម៉ែត្រ-ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ។ ២-វិញ្ញសាឌូយ៉ាត្លុងបុរស-នារី មានរត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាធ្លាប់បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ មាន២០ប្រភេទកីឡា ដោយចំណុចខ្លាំងនៃការហ្វឹកហាត់នេះ គឺពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ក្នុង១ថ្ងៃ៦ម៉ោង និងថ្ងៃសុក្រដល់ថ្ងៃសៅរ៍ត្រូវហ្វឹកហាត់ ៨ម៉ោង ដើម្បីត្រៀមចូលរួមប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។ ដំណើរការនៃការប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់នេះ ក្រោមការអនុវត្តតាមស្តង់ដារ SOP ដោយបែងចែកជាពីរទម្រង់ ដោយទម្រង់ទី១ គឺមាន២០ប្រភេទកីឡា ក្នុងនោះមាន១៩ប្រភេទកីឡា ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ដំណាច់ឆ្នាំ២០២១ ដោយមានចំនួនកីឡាករ កីឡាការិនីសរុបចំនួន ៤៦៧នាក់។ ចំពោះទម្រង់ទី២ គឺចំនួនក្រុមជម្រើសជាតិជាង ៤៦០នាក់ នៃ២០ប្រភេទកីឡានេះ យកទៅបន្តការហ្វឹកហាត់នៅតាមសហព័ន្ធជំនាញនីមួយៗដោយសហព័ន្ធជាអ្នករៀបចំខ្លួនឯង ក្រោមការអនុវត្ត តាមស្តង់ដារសុវត្ថិភាព សុខភាព SOP ដូចគ្នាផងដែរ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print