ក្រុមចោរប្រដាប់អាវុធចូលប្លន់ផ្ទះពលរដ្ឋបាញ់ម្ចាស់ផ្ទះស្លាប់ម្នាក់ នៅស្រុកស្នួលគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម មានគ្នា២នាក់ប្រដាប់ដោយអាវុធAKវែង១ដើម និងកាំបិទផ្គាក់១ បានធ្វើសកម្មភាពចូលបាញ់ប្លន់ផ្ទះពលរដ្ឋ នៅចំណុចអូរខ្មោះ ភូមិម៉ាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ  កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ខែមេសា ឆ្នាំ២០១៦នេះ ។

ជាមួយនិងសកម្មភាពប្លន់ពីសំណាក់ជនសង្ស័យមានគ្នា២នាក់ ប្រដាប់ដោយអាវុធAKវែង១ដើម និងកាំបិទផ្គាក់១ ជនសង្ស័យបានបាញ់ និងកាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សឿន ធារ៉ា អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ បណ្តាលឱ្យស្លាប់ខណៈដែលជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ។

លោក ម៉ៅ សុផុន មេបញ្ជាការរងអាវុធហត្ថស្រុកស្នួល បានឱ្យដឹងថា ក្រោយពីកើតហេតុកម្លាំងអាវុធហត្ថស្រុក បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការត្រួតពិនិត្យ លោកថា បើតាមការសាកសួរពីសំណាក់ស្ត្រីជាម្ចាស់ផ្ទះ និងជាប្រពន្ធជនរងគ្រោះឈ្មោះ ឡាច វន្នី អាយុ៣៥ឆ្នាំ បានរៀបរាប់ថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលក្រុមគ្រួសារគាត់ កំពុងអង្គុយលេងនៅលើផ្ទះ ស្រាប់តែជនសង្ស័យមានគ្នា២នាក់ ប្រដាប់ដោយអាវុធAKវែងមួយដើម និងកាំបិទផ្កាក់១ បានចូលមកភ្ជង់ និងគម្រាមបាញ់សម្លាប់ ។

ស្ត្រីរងគ្រោះបន្តថា ពេលនោះក្រុមចោរបានគម្រាមឱ្យពួកគាត់ប្រមូលទ្រព្យសម្បត្តិមកឱ្យពួកគេ តែបុរសរងគ្រោះជាប្តីមិនព្រមធ្វើតាម ក្រុមចោរបានយកកាំបិទផ្គាក់កាប់មកលើប្តីគាត់ជាច្រើនកន្លែង ហើយបានបាញ់ចំនួនមួយគ្រាប់ដើមទ្រូង ធ្លាយពីម្ខាងទៅម្ខាង បណ្តាលឱ្យប្តីគាត់ស្លាប់ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ។ ក្រោយពីធ្វើសកម្មភាពបាញ់មកលើជនរងគ្រោះហើយនោះ ក្រុមចោរបានរើកកាយនិងបានយកលុយបានចំនួន២លានរៀល រួចគេចខ្លួនចូលព្រៃបាត់ស្រមោលតែម្តង ។

លោក ម៉ៅ សុផុន មេបញ្ជាការរងអាវុធហត្ថស្រុកស្នួលបានបញ្ជាក់ថា ពេលនេះកម្លាំងជំនាញកំពុងតែចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា ហើយកម្លាំងជំនាញក៏បានកំណត់លើមុខសញ្ញាសង្ស័យបានត្រួសៗ ហើយដែរ។ លោកបញ្ជាក់ថា នៅកន្លែងកើតហេតុ គឺសមត្ថកិច្ចបានរកឃើញក្បាលគ្រាប់កាំភ្លើង១ និងសំបកគ្រាប់ កាំភ្លើងAKមួយ ។

យ៉ាងណាក៏ដោយពលរដ្ឋនៅក្នុងស្រុកស្នួលបានសម្តែងការព្រួយបារម្ម អំពីសុវត្ថិភាពក្រុមគ្រួសារពួកគាត់ ខណៈដែលមានក្រុមចោរប្រដាប់អាវុធបានធ្វើសកម្មភាពបាញ់ប្លន់ផ្ទះពលរដ្ឋជាបន្តបន្ទាប់ និងបានបាញ់ម្ចាស់ផ្ទះបណ្តាលឱ្យស្លាប់និងរបួស ។

ពលរដ្ឋថា នេះជាលើកទី៣ហើយ ដែលក្រុមចោរប្រដាប់អាវុធ បានធ្វើសកម្មភាពបាញ់ប្លន់ផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅក្នុងដើមឆ្នាំ២០១៦នេះ ហើយប្រជាពលរដ្ឋបានស្នើរឱ្យអាជ្ញាធរធ្វើ់យ៉ាងណាត្រូវពន្លឿនការស្រាវជ្រាវ ដើម្បីឈានទៅដល់ការចាប់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធនេះ ៕

20160405214712 (2)

20160405214712 (3)

20160405214712 (1)

20160405214712

ដោយ៖ កោះទ្រុង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print