ខេត្តស្ទឹងត្រែង៖ លោកស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានដឹកនាំកម្លាំងយោធាក្រោមឱវាទ ប្រមាណជាង៧០នាក់ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលកំពុងខ្វះកម្លាំង និងមធ្យោបាយ បន្ទាប់ពីស្រូវទុំបាក់កដួលរាបលើវាលស្រែពណ៌មាសប្រមាណជា៥ហិកតាបានហុចផលឲ្យ និងទុំដេកដួលក្រាលពេញវាលស្រែ ។
ការអញ្ជើញដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវប្រជាកសិករនាពេលនេះ លោកស្វាយ ញ៉ន បានដឹកនាំកម្លាំងប្រតិបត្តិការចុះច្រូតស្រូវជូនពលរដ្ឋនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
លោកស្វាយ ញ៉ន បានមានប្រសាសន៍ថា យោងតាមបទបញ្ជារបស់អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាមកលោកមេបញ្ជាការយោធភូមិភាគទី១ លោកហួត ឈាង ក៏ដូចជាការដឹកនាំបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងផងនោះ។ ជារៀងរាល់ឆ្នាំកងកម្លាំងរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅទូទាំងយោធភូមិភាគទី១ និងកងយោធពលខេមរភូមិន្ទនៅទូទាំងប្រទេសតែងតែចូលរួមជាមួយប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំក្នុងការចុះជួយច្រូតកាត់ប្រមូលផលនៅរដូវលំហើយ និងរដូវដកស្ទូង ជាពិសេសនៅរដូវវស្សាផងដែរ គឺតែងតែចុះជួយកសិករក្នុងគ្រាមានទុក្ខលំបាកផ្សេងៗ ដូចជាពួកគាត់ជួបគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គិភ័យ « ភ្លើងឆេះផ្ទះ» និងគ្រោះមហន្តរាយផ្សេងៗទៀត ដែលបង្កឡើងពីគ្រោះធម្មជាតិ គឺអង្គភាពសឹករងខេត្ត និងកងយោធពលខេមរភូមិន្ទ បានចូលរួមដោះស្រាយការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខេត្ត។
លោកស្វាយ ញ៉ន បានមានប្រសាសន៍ទៀតថា នៅពេលនេះ លោកឧត្តមសេនីយ៍បានដាក់ចេញនូវផែនការ ឱ្យបណ្តាអង្គភាពស្រុកទាំង៦ និងអង្គភាពវរសេនាតូចទាំង២ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងការិយាល័យគ្រប់ផ្នែកទាំងអស់ ចូលរួមជួយច្រូតស្រូវជូនប្រជាពលរដ្ឋរយៈពេល ៥ថ្ងៃ ដែលនៅជិតទីតាំងមូលដ្ឋានកងទ័ព ។ លោកថា ថ្ងៃនេះកម្លាំងបានចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋ លើផ្ទៃដីទំហំ៥ហិកតា ដោយមានកម្លាំង ៧០នាក់ និងនៅថ្ងៃស្អែកនេះ លោកនឹងបង្កើនកម្លាំងបន្ថែមទៀត រហូតដល់៩០នាក់ ដើម្បីពន្លឿនការប្រមូលផលស្រូវនេះឱ្យបានឆាប់រួចរាល់តាមផែនការ ។
លោកស្វាយ ញ៉ន ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋម្ចាស់ស្រែ សូមបន្តអនុវត្តវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្តីណែនាំនានារបស់ ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យបន្តឆ្លងមកខ្លួនយើង គ្រួសារ និងសហគមន៍ក្នុងខេត្តស្ទឹងត្រែងរបស់យើង ៕