ភ្នំពេញ, លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញតំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤,០០នាទីរសៀល បានអញ្ជើញចុះអប់រំណែនាំដល់បងប្អូនដែលប្រើប្រាស់ម៉ូតូរុឺម៉កកែច្នៃខុសបច្ចេកទេស ដែលកំលាំងប្រជាការពារខណ្ឌឃាត់យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាសរុបមានចំនួន៖៧២គ្រឿង។ ក្នុងនោះលោកនាយករដ្ឋបាល បានអប់រំធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់រុឺម៉កកែច្នៃដូចខាងក្រោម៖
១.ចំពោះម្ចាស់រុឺម៉កកែច្នៃខុសបច្ចេកទេសដែលកំពុងដឹកទំនិញជាលក្ខណៈក្រុមហ៊ុនត្រូវប្តូរពីដឹកទំនិញពីរុឺម៉កកង់បីខុសបច្ចេកទេសទៅប្រើប្រាស់ប្រភេទរថយន្ត២អាវិញ។
២.ចំពោះម្ចាស់រុឺម៉កកែច្នៃខុសបច្ចេកទេសដែលលក់ដូរទំនិញផ្សេងៗដែលមានមានលទ្ធភាពប្តូរទៅប្រើប្រាស់រថយន្តទេ ត្រូវទៅលក់ដូរនៅជាយក្រុងវិញពីព្រោះនៅជាយក្រុងមានមនុស្សច្រើនងាយស្រួលធ្វើអាជីវកម្មហើយក៏មិនសូវប៉ះបាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដូចនៅកណ្តាលទីក្រុងទេ។
៣.ការឃាត់រុឺម៉កបងប្អូន ពូមីងមកអប់រំណែនាំនេះមិនមានការផាកពិន័យទេ តែបើលើកក្រោយបងប្អូនធ្វើចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌហើយប្រើប្រាស់រុឹម៉កកែច្នៃខុសបច្ចេកទេសដដែលហើយត្រូវកំលាំងប្រជាការពារឃាត់បាននោះនឹងមានការផាកពិន័យ ហើយរក្សាទុកចំនួនពីរសប្តាហ៍ដោយគ្មានការតវ៉ាអ្វីឡើយ។
៤.ចំពោះរុឺម៉កកែច្នៃខុសបច្ចេកទេសទាំងអស់មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាដាច់ខាត៕