ភ្នំពេញ, ថ្នាំព្យាបាលកូវីដ-១៩ របស់អាមេរិក ដែលកម្ពុជា ប្រកាសទិញ លេបតែ ៥ថ្ងៃ ឃើញប្រសិទ្ធភាព ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ពីសហរដ្ឋអាមេរិក សម្រាប់មនុស្ស ៥ម៉ឺននាក់ ។
សូមជម្រាបជូនថា, កូវីដ-១៩ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសថាជាជំងឺរាតត្បាតទូទាំងពិភពលោក នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២០ កន្លងទៅ ។
ពីដំបូង មិនមានថ្នាំប្រឆាំងវីរុស ថ្នាំព្យាបាល ឬសូម្បីតែវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺនេះទេ។ រហូតមកទល់បច្ចុប្បន្ន ទើបក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះ។
សូមរម្លឹកថា, កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំនេះពីសហរដ្ឋអាមេរិក សម្រាប់មនុស្ស ៥ម៉ឺននាក់។
ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០%។
បើងាកទៅមើលប្រទេសជិតខាងរបស់យើងឯណោះវិញ អ្នកជំនាញផ្នែកវីរុសរបស់ ថៃ បានបញ្ជាក់កាលពីពាក់កណ្តាលខែមុនថា ថ្នាំប្រឆាំងមេរោគរបស់អាមេរិកមួយនេះ អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់ ក្រោយពេលលេបបាន៥ថ្ងៃ គឺមានប្រសិទ្ធភាពខ្ពស់ ។
កម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០២,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ៣៤,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕
ដោយ, សិលា