ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ រួមជាមួយ លោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង និងលោក ឧត្តមសេនីយ៍ឯក សូខន បញ្ញារិទ្ធ អគ្គនាយករង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២១ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ZOOM ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់សរុប៤២នាក់។
បន្ទាប់ពីស្តាប់របាយការណ៍របស់ការិយាល័យទាំងអស់ និងមតិចូលរួមរបស់លោកប្រធាននាយកដ្ឋាន និងលោក-លោកស្រី អនុប្រធាននាយកដ្ឋានរួចមក នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់របស់នាយកដ្ឋាន ដែលបានរួមគ្នាបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផលការងារល្អប្រសើរ នាពេលកន្លងមក ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានណែនាំការងារមួយចំនួន រួមមាន សិក្សាស្រាវជ្រាវចងក្រងឯកសារច្បាប់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងនីតិវិធីច្បាប់សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ពិនិត្យលើការបែងចែកវេនបំពេញការងាររបស់មន្រ្តីក្រោមឱវាទតាមការិយាល័យ ធ្វើយ៉ាងណាធានាបាននូវនិរន្តរភាពការងារ និងប្រសិទ្ធភាពការងារ។
ត្រៀមចុះអនុវត្តដកបទពិសោធន៍ការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធFPCS ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ពិនិត្យវាយតម្លៃមន្រ្តីដែលមានស្នាដៃ ដើម្បីស្នើសុំគោលការណ៍លើកទឹកចិត្ត ស្របតាមគោលការណ៍និងនីតិវិធីកំណត់ ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើឲ្យមន្រ្តីទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ននិង៣ការពារ៕
ដោយ ,សិលា